ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ វិលវិញភ្លែត បាន៤រឿងភ្លាម

បាត់មុខពីការសម្ដែងប្រមាណជិត២ឆ្នាំ ធ្វើឲ្យមានការចាប់អារម្មណ៍គួរសមបន្ទាប់ពីតារាសម្ដែងដែលធ្លាប់មានកេរ្តិ៍ឈ្មោះក្នុងសិល្ប:នាងពេជ្រ ចរណៃ បង្ហាញមុខជាថ្មី ដោយបានទាំងប្រកាសថាទើបតែវិលវិញ ក៏ទទួលបាន៤រឿងយ៉ាងកាលីព។ យ៉ាងណាក៏ដោយនាងបានបង្ហាញអារម្មណ៍តូចចិត្ត ដែលការប្រឡូកសិល្ប:មុនពេលផ្អាកសម្ដែងគឺបានតំណែងតួឯកទៅហើយ តែក្រោយត្រលប់វិញបានត្រឹមជាតួរងនៅឡើយ។

ពេជ្រ ចរណៃ ដែលមានឈ្មោះកំណើតថា អ៊ិត កន្និកា បានបង្ហាញមុខយ៉ាងក្រឡឺមក្នុងពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»នៅផ្សារទំនើបស្ទឹងមានជ័យ ដែលគ្រោងបញ្ចាំងផ្លូវការនៅថ្ងៃទី៩ កុម្ភ:។ នាងត្រូវគេឃើញបណ្ដើរតារាសម្ដែងលោកលាង ឧត្តម យ៉ាងស្និទ្ធស្នាល តែបានប្រកែកថាគ្រាន់តែមកជាមួយគ្នា ព្រោះនាងបោះបង់សិល្ប:យូរ ហើយមិនសូវស្គាល់ច្រើនជាតារាថ្មីៗតែប៉ុណ្ណោះ។ នាងថា មុនពេលបាត់មុខនាងធ្លាប់សម្ដែងច្រើនរឿងជាមួយលោកលាង ឧត្តម ដោយបានទាំងដើរតួឯកក្នុងស្ពតអប់រំជាមួយគ្នារាប់មិនអស់ផង ទើបក្រោយពេលចូលសម្ដែងវិញមានតែលោកជាតារារួមជំនាន់ដែលនាងហ៊ានស្និទ្ធិជាងគេ។ ក្រោយការត្រលប់ទទួលការសម្ដែងជាថ្មីនេះ ពេជ្រ ចរណៃ បញ្ជាក់ថាទទួលបានចំនួន៤រឿង ទើបនាងយល់ថារឿងរ៉ាវស្នេហាគឺអត់មានពេលគិតតែម្ដង កុំថាឡើយឈានដល់ការផ្គូរផ្គងនាងជាមួយបុរសណាម្នាក់ ឬជាមួយលោកលាង ឧត្តម។

នាងនិយាយថា«សម្រាប់ខ្ញុំនឹងបងឧត្តម ដូចមិត្តសុទ្ធសាធ ព្រោះកាលមុនឈប់ស្គាល់គាត់ជាងគេ ហើយខ្ញុំសម្រេចចិត្តផ្អាកដល់២ឆ្នាំមុនគឺដោយសារគ្រួសារខ្ញុំបើកជំនួញ ហើយអត់អ្នកមើលទើបជួយមើលគាត់»។ ហេតុផលផលិតករហៅសម្ដែងជាថ្មី ហើយសប្បាយចិត្តនឹងការហក់ចូលសិល្ប:ជាថ្មីនោះផង ទើបជំរុញឲ្យនាងទម្លាក់ចោលការងារមុខជំនួញរបស់ឪពុកម្ដាយហើយសម្រេចចិត្តទទួលស៊ប់ក្នុងការសម្ដែង។ មកទល់ពេលនេះនាងសម្ងំទទួលបាន៤រឿងហើយ រួមមានរឿង«ទឹកភ្នែកកក»របស់អ្នកនាងប៊ុន ចាន់និមល ដែលជាអតីតអ្នកនិពន្ធនៅសាន់ដេ រឿង«បញ្ចប់ស្នេហ៍ត្រឹមអូន!»របស់លោកសុវណ្ណ មករា និងរឿង២ទៀត ដែលខាងផលិតករមិនទាន់ចង់ឲ្យបញ្ចេញចំណងជើង។

ពេជ្រ ចរណៃ បញ្ជាក់ថាកាលពីអតីតកាលនាងសម្ដែងច្រើនក្នុងរឿង«ចៅស្រទបចេក»រឿង«ស្រមោលស្នេហ៍អតីត» រឿង«កូនឥតខានស្លា» រឿង«ព្រាយចិញ្ចឹមកូន» រឿង«នេះឬឪពុក» រឿង«វិញ្ញាស្នេហ៍បាតបឹងកំពីងពួយ» និងរឿងជាច្រើនទៀតដោយតំណែងក្នុងរឿងសុទ្ធតែជាតួលេចធ្លោ និងមានរឿងខ្លះជាតួឯក។ ដ្បិតថាមានអារម្មណ៍អន់ចិត្តរឿងមិនបានតួឯកក្រោយវិលវិញ តែនាងប្រកាសថាខ្លួនពេញចិត្ត និងប្រកាសសម្ដែងគ្រប់ទម្រង់មិនថាតួស្លួត តួកាច ឬតួទឹកភ្នែកនោះទេ។ សូម្បីតែតួក្រមិចក្រមើមក៏នាងយល់ថាខ្លួនអាចសម្ដែងបានល្អផងដែរ។ ក្នុងពេលដ៏ខ្លី នាងគ្រោងចាប់អាជីពពិធីការិនី និងដើរម៉ូដបន្ថែមទៀត ដើម្បីឲ្យកាន់តែលេចធ្លោក្នុងសិល្ប:៕


មតិយោបល់