ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ អាលីយ៉ា ប្រកាសថាស្ថានភាពខ្លួនអន់ជាងអ្នកសុំទាន

ទោះជាមានការរិះគន់យ៉ាងពេញបន្ទុកក្រោយប្រកាសសុំទាននៅលើហ្វេសប៊ុកព្រោះតែ មិនខ្វល់ពីការស្វែងរកការងារ ក៏តារាចម្រៀង និងជាពិធីការិនីនាងឌីជេ អាលីយ៉ា នៅប្រកាសសុំទានមិនឈប់នោះទេ ដោយនាងបញ្ជាក់ថាស្ថានភាពរបស់ខ្លួនពេលនេះអន់ជាងអ្នកសុំទានឆ្ងាយណាស់។

នាងប្រកាសអត់ទៅរត់តុ និងធ្វើការដែលខុសជំនាញបានទេ ដោយសារក្រពះរបស់នាងមានថ្ងៃដាច់បាយ ហើយស្ថានភាពសុខភាពរបស់នាងក៏ឈឺច្រើនជាងជា ដែលនាងចាំបាច់ត្រូវតែបន្តសុំទានយកលុយមកកែប្រែស្ថានភាពសិន មុនទទួលការងារដូចអ្វីដែលគេរិះគន់។

ឌីជេអាលីយ៉ា និយាយថាបើធៀបនឹងអ្នកសុំទាន នាងថាខ្លួននាងអន់ជាងឆ្ងាយណាស់ ដោយសារតែអ្នកសុំទានមានពេលផឹកស្រា លេងប៊ៀ និងខ្លះមានពេលដេកដួល ហើយទៅឈរសុំទាន ឬដើមសុំទានតែម៉ោងដែលពួកគេបានកំណត់។ នាងនិយាយថា«គេថាខ្ញុំសុំទានត្រូវ ព្រោះរាល់ថ្ងៃយើងប្រើហ្វេសប៊ុកប្រកាសសុំលុយគេ តែបើដឹងអោយស៊ីជម្រៅ អ្នកសុំទានសំណាងជាងខ្ញុំ!»។

នាងថាអំឡុង២ថ្ងៃ ឬ៣ថ្ងៃ នាងទទួលបានតែ៣ម៉ឺនរៀល ឬ៥ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីទិញបាយទិញម្ហូប បំពេញការស្រេកឃ្លានរាល់ថ្ងៃ ខណៈដែលលុយទាំងនោះក៏ត្រូវបានទាំងប្រទាំងប្រទើស។ តាំងពីព្រឹកដល់យប់នាងថាខ្លួនចំណាយពេលឆ្លើយសំណួរ ពីការខលសួរ និងឆាតសួរ ទម្រាំតែមានគេផ្ញើអោយ៥ពាន់ ឬ៣ម៉ឺន និងត្រូវចំណាយពេលច្រើនដើរទៅបើកលុយនោះ ដោយអ្នកផ្ញើលុយអោយខ្លះ ស្ដីថាអោយដែលតម្រូវអោយនាងបកស្រាយវែងឆ្ងាយ។ នាងនិយាយថា«អ្នកខ្លះអោយតែ៥ពាន់១ម៉ឺនអីទេ តែសួរយើង ហើយខ្លះដៀលថាអោយយើងទៀត តែខ្ញុំអត់ខឹងទេព្រោះធ្វើមិចយើងវាអត់យើងសុំទានគេចឹងហើយ តែខ្ញុំក៏អរគុណដល់អ្នកអាណិតភាគច្រើនដែរ ដែលគាត់អត់សួរយើងជ្រិញហើយ ហើយគាត់មិនដែលអោយយើងចេញសេវាលុយផ្ញើទេ គឺចេញអោយយើងរហូត!»។

នាងថាខ្លួនក៏ចង់ធ្វើការដែរ តែនាងមិនអាចទទួលបានទេ ដរាបណានាងរកតែលុយទិញថ្នាំអោយសុខភាពប្រសើរមិនទាន់បាន និងមិនទាន់មានសូម្បីតែបាយហូបបីពេលច្បាស់លាស់មិនបាន ដែលនាងយល់ថាបើទោះទទួលការងារក៏ធ្វើអោយគេមិនកើត។ ម្យ៉ាងមកពីនាងមិនចង់ទទួលការងារដែលខុសជំនាញនោះផង ទើបនាងប្រកាសសុំទានជាជាងបន្ទាបខ្លួនទៅធ្វើការដែលនាងយល់ថាធ្វើមិនបានជាប់លាប់។ នាងនិយាយថា«រាល់ថ្ងៃមានគេហៅទៅធ្វើការ តែអោយទទួលមិចបើមនុស្សរកតែបាយហូបអត់បានផង ឈឺក្បាលអត់កម្លាំងរកតែថ្នាំទិញលេបអត់បានផង ទៅធ្វើការមិច ខ្ញុំត្រូវមានលុយទិញខោអាវស្លៀក និងមានបាយហូបគ្រប់គ្រាន់សិន បានទៅធ្វើការកើត!»។

យ៉ាងណាមិញ នាងថាអត់ឈប់សុំទាននោះទេ ដោយសារតែនាងទទួលបានការអាណិតច្រើនជាងជេរប្រទិចថានាងធ្វើអោយតម្លៃអ្នកសិល្បៈអាប់ឱននោះ។ នាងសារភាពថាក្រោយការចុះផ្សាយចំពោះបាយទឹកមានអ្នកអាណិតហៅអោយជាងមុន ខណៈលុយកាក់ក៏មានអ្នកផ្ញើរៀងក្រែលជាងមុនបន្តិចដែរ បើទោះជានាងត្រូវចំណាយពេលឆ្លើយឆាត លើកទូរស័ព្ទឆ្លើយសំណួរ និងត្រូវដោះស្រាយរាល់ការមាក់ងាយខុសពីអ្នកសុំទានតាមទីសាធារណៈដែលគេអោយលុយកាក់ដោយមិនសួរនាំមួយម៉ាត់៕

មតិយោបល់