ព័ត៌មានជាតិ

បញ្ជូនថៅកែក្រុមហ៊ុន A.B.S ទៅឃុំខ្លួននៅពន្ធនាគារPJ តាមអំណាចសាលក្រម រឿងចេញសែកស្អុយ

ភ្នំពេញ: កាលពីរសៀលថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០១៧ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញបាន បញ្ជូនជនជាប់ចោទ ឈ្មោះ ឈាង សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន A.B.S (Asia Business Solution Cambodia Co.,LTD) ទីលំនៅផ្ទះលេខ ២០៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញPJ ហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ការបញ្ជូនខ្លួនជនជាប់ចោទទៅឃុំនេះ ធ្វើឡើងតាមដីកាបង្គាប់របស់លោក លី សុផាណា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមសាលក្រមស្ថាពរ របស់លោក ឃី ឆៃ ចៅក្រមជំនុំជម្រះ ដែលបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈាង សុផល ដាក់ពន្ធនាគារកំណត់រយ:ពេល ២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញបានអនុវត្តដីកា ចាប់ខ្លួនជនជាប់ចោទឈ្មោះ ឈាង សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន A.B.S (Asia Business Solution Cambodia Co.,LTD) នៅផ្ទះលេខ ២០៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនជាប់ចោទខាងលើធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងក្រុងភ្នំពេញ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមបទចោទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕

មតិយោបល់