ក្រោយការចុះផ្សាយជុំវិញអំពើហឹង្សាដែលបង្កឡើងដោយប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព ទៅលើតារាសម្ដែងនាងពេជ្រ អាវីហ្សា មិនមែនត្រឹមតែមហាជននោះទេដែលសម្ដែងអារម្មណ៍ហួសចិត្ត តារាសិល្បៈជាច្រើនរូបក៏បានដើរតួចេញមុខប្រតិកម្ម នឹងទាមទារឲ្យរកយុត្តិធម៌ជួយដល់នាងផងដែរ។
តារាសិល្បៈជាច្រើនត្រូវគេឃើញរួមកម្លាំងគ្នាជួយស្សែ និងបញ្ចេញប្រតិកម្មព្រមៗគ្នា ដោយម្នាក់ៗប្រកាសជំហរថ្កោលទោសរួមគ្នានោះផង។
លោកសុះ ម៉ាច បានអះអាងថា ក្នុងនាមលោកជាប្រធានសមាគមន៍មួយរូប លោកសូមថ្កោលទោសដាច់ខាតពាក់ព័ន្ធនឹងហឹង្សាទៅលើសិល្បការិនីដ៏ស្លូតត្រង់លើតារាសម្ដែងកញ្ញាពេជ្រ អាវីហ្សា។ លោកថាច្បាប់មិនអាចបិទភ្នែកបណ្ដោយជនរំលោភសិទ្ធិមួយរូបបន្តបង្កព្យុះបង្កភ្លៀង ព្រោះអំណាចបុណ្យស័ក្តបានទេ គឺត្រូវតែមានវិធានការដើម្បីឲ្យមានចលនាគោរពច្បាប់ និងគ្មានការបំពានសិទ្ធិមនុស្សដូចករណីនេះ។ លោកទទួចដាច់ខាតឲ្យច្បាប់ធ្វើការដោះស្រាយលើពេជ្រ អាវីហ្សា ដើម្បីយុត្តិធម៌របស់នារីម្នាក់ត្រូវបានដោះស្រាយ។
អ្នកនាង ម៉ៅ ស៊ីណាត បានអះអាងថាគឺការឈឺចាប់បំផុត ដែលតារាសិល្បៈទន់ខ្សោយម្នាក់ត្រូវបានបុគ្គលមានលុយមានអំណាចប្រើសិទ្ធិគំរាមកំហែង ហើយឈានដល់វាយតប់បង្កឲ្យមានរបួសស្នាម។
អ្នកនាងថាបើទោះជាសិល្បការិនីម្នាក់នោះស្ថិតក្នុងសភាពបែបណាក៏ដោយ អំពើហឹង្សាមិនគួរនឹងកើតមានឡើយចំពោះរូបនាង ហើយអ្នកនាងបានចាត់ទុកថានេះគឺជាទង្វើអមនុស្សធម៌មួយ ដែលអ្នកនាងមិនអាចទទួលយកបាន។
លោក គង់ សុធារិទ្ធិ តារាចម្រៀង និងជាមន្ត្រីមួយរូបក្នុងក្រសួងវប្បធម៌បានអះអាងថា នេះជាអំពើព្រៃផ្សៃដែលតារាសិល្បៈ និងមហាជនមិនអាចទទួលយកបាន។ លោកទទូចឲ្យច្បាប់ត្រូវតែរកយុត្តិធម៌ឲ្យនាង បើទោះជានាងសម្រេចចិត្តដាក់ចិត្តប្ដឹង ឬមិនប្ដឹង។
តារាសម្ដែង លោកឡាទីន បានសរសេរថា«ខ្ញុំពិតជាខ្លោចផ្សារណាស់ មិនគួរណាលើកដៃមកវៃធ្វើបាបមនុស្សស្រីទន់ខ្សោយនោះទេ ហើយក៏មិនគួរគិតថាខ្លួនមានខ្នងមានអំណាចហើយយកអំណាចទាំងនោះមកជិះជាន់ និងធ្វើបាបអ្នកទន់ខ្សោយនោះដែរ…គួរណាតែបញ្ឈប់ទង្វើរដែលព្រៃផ្សៃបែបនេះហើយ។ សង្ឃឹមថាច្បាប់និងមិនលំអៀងហើយអាចផ្តល់យុត្តិធម៌ដ៏ល្អមួយឲ្យបងស្រី ពេជ្រ អាវីហ្សាផង. ជាចុងក្រោយសូមឲ្យបងឆាប់ជាសះស្បើយនិងអាចរកបានយុត្តិធម៍ក្នុងពេលឆាប់ៗផងដែរ សូមអរគុណ។ #ទ្បាទីន»។
លោកសន វិជ្ជបុត្រ តារាចម្រៀងផលិតកម្មM បានបង្ហោះថា«ជីវិតតារា ត្រូវគេមើលងាយដូចសត្វធាតុ មិនថាតារាប្រុសតារា ឬ តារាស្រី ជាពិសេសពួកអ្នកមានលុយមានអំណាច បើអស់ចិត្តហើយចាំវៃគ្នាដល់ថ្នាក់នឹង»។
អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរនៅលើគណនីផ្ទាល់ខ្លួនថា«ខ្ញុំចង់សួរទៅមនុស្សប្រុស១ចំនួនថាហេតុអី ? មុននិងអ្នកលើកដៃវាយមនុស្សស្រីអ្នកមានគិតថានាងលះបង់អ្វីខ្លះដើម្បីអ្នក ? កិត្តិយស គ្រួសារ និង ខ្លួនប្រាណហេតុអីក៏ពួកអ្នកធ្វើបាបមនុស្សស្រីដូចសត្វយ៉ាងនេះ ? ខ្ញុំមិនដឹងថាតើអូន ពេជ្រអាវីសាគាត់មានកំហុសធ្ងន់ប៉ុណ្ណាទេ ខ្ញុំគ្រាន់តែដឹងថាពិភពលោកទាំងមូលកំពុងតែលប់បំបាត់អំពើហឹង្សាដែលកើតឡើងតាមប្រទេសនិមួយៗ ជាពិសេសអំពើហឹង្សាពីបុរសមកលើស្ត្រី ពួកអ្នកគិតថាមនុស្សស្រីគឺជាបាវសាក់សំរាប់អ្នកបញ្ចេញកំហឹងឬ ? តើបងអាចជួយអ្វីបាន? សាច់កម្មណាស់មនុស្សស្រី១ចំនួន»។
មិនខុសគ្នាដែរលោកគន់ រៀមរតនៈ តារាសម្ដែង ក៏បានចេញមុខថ្កោលទោសលើករណីនេះ និងទាមទារឲ្យជួយរកយុត្តិដល់លកញ្ញាពេជ្រ អាវីហ្សាផងដែរ ដោយលោកយល់ថាទង្វើជាអំពើហួសសម័យសម្រាប់អ្នកទន់ខ្សោយ និងតូចទាប។
ក្រៅពីប្រតិកម្មរបស់តារាសិល្បៈខាងលើ មហាជនភាគច្រើនក៏បានបញ្ចេញទស្សនៈថ្កោលទោស លើករណីនេះផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងថាភាគីខាងប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព នឹងមានដំណោះស្រាយបែបណា ដើម្បីបញ្ចប់ប្រតិកម្មរបស់មហាជន និងធ្វើឲ្យកញ្ញាពេជ្រ អាវីហ្សា អស់ចិត្តនោះឡើយ៕
មតិយោបល់