នៅព្រឹកថ្ងៃទី៩ កុម្ភៈ នេះ ផលិតកម្មមហាហង្សបានក្រុងពាលីថតរឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ដោយតារាសម្ដែងនាងសុខ សោម៉ាវត្តី គឺជាតួឯកស្រី បើទោះជានាងប្រកាសថាឈប់ទទួលថតភាពយន្តសម្រាប់ឆ្នាំ២០១៧នេះ។ ខ្សែរឿងនេះត្រូវបានផលិតករ ប្រកាសចំណាយមិនអោយលើសពី៥ម៉ឺនដុល្លារនោះទេ តែនឹងធ្វើអោយខ្លាំងមិនចាញ់ភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលរកចំណូលបានខ្ពស់ជាងគេកាលពីឆ្នាំ២០១៦ នៅរោងភាពយន្តលីជេននោះឡើយ។
លោកអ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជារឿងទី៤ដែលសុខ សោម៉ាវត្តី បានសម្ដែងជាតួឯកអោយខ្លួន បន្ទាប់ពីនាងទទួលជោគជ័យក្នុងរឿង«អ្នកនាងម្ចាស់ឡឺកឺ»រឿង«៣០ថ្ងៃ» និងរឿង«សួស្ដីលោកគ្រូកំលោះ»ចុងក្រោយ ដែលបានបញ្ចប់ដោយការកើបប្រាក់ចំនួន១២ម៉ឺនដុល្លារក្រោយពីចែកជាមួយរោងកុន។ លោកថាក្នុងរឿង«សួស្ដីលោកគ្រូកំលោះ»ផលិតកម្មមហាហង្សនៅតែទទួលជោគជ័យបានចំណូលសរុបខ្ពស់ដល់ជាង២៤ម៉ឺនដុល្លារ ទើបលោកយល់ថាតារាសម្ដែងនាងសុខ សោម៉ាវត្តី នៅតែមានឥទ្ធិពលដែលលោកត្រូវតែទទូចអោយសម្ដែងរឿងនេះ។ ម្យ៉ាងមកពីចរឹតក្នុងរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»ត្រូវនឹងចរឹតរបស់នាងផង ទើបលោកបញ្ជាក់ថានាងមិនបានលេង គឺពិបាកដាក់តួ។ ក្នុងរឿងនេះលោកបានប្រមូលផ្ដុំតារាល្បីៗចាស់ក្មេងក្នុងពិភពសម្ដែងប៉ះជាមួយគ្នា ទើបលោករំពឹងច្រើនថាអាចកន្ទ្រាក់អ្នកទស្សនាបានទាំងយុវវ័យ និងអ្នកចូលចិត្តភាពយន្តជាវ័យកណ្ដាលនៅពេលដាក់បញ្ចាំង។ ក្រោយបញ្ចប់ពិធីក្រុងពាលី លោកថារឿងនេះនឹងដំណើរការចេញថតរយៈពេល២ខែ ដោយគ្រោងបញ្ចាំងក្នុងអំឡុងខែ៦ខាងមុខ។ រឿងនេះប្រកាសចំណាយមិនលើសពី៥ម៉ឺនដុល្លារនោះទេ ដោយសារតែសាច់រឿងទាំងស្រុងថតនៅតែក្នុងភ្នំពេញ តែពោរពេញដោយឈុតកំប្លុកកំប្លែងមិនមានឈុតខ្មោចពិបាកថត។
អ្នកនាងសុខ សោម៉ាវត្តី ត្រូវគេឃើញអវត្តមានក្នុងពិធីនេះ តែមុននេះនាងបាន និយាយថាការពិតរឿងនេះខ្លួនបានទទួលព្រមព្រៀងថតអោយតាំងពីឆ្នាំ២០១៥ និង២០១៦ម្ល៉េះ ទើបនាងសម្រេចចិត្តទទួលថតក្នុងពេលដែលនាងបានប្រកាសរួចហើយថាមិនទទួលរឿងទៀតទេសម្រាប់ឆ្នាំ២០១៧។ នាងថាកុំអោយមហាជនជ្រិញមុខ និងទុកឱកាសអោយតារាជំនាន់ក្រោយ គឺនាងសម្រេចចិត្តផ្អាកថត តែបណ្ដាលមកពីការរៀបចំមុខជំនួញដែលនាងមិនទាន់ចង់ប្រកាសក៏មិនរវល់ ហើយខាងមហាហង្សក៏បង្ហាញសាច់រឿងធ្វើអោយនាងត្រូវចិត្ត ទើបនាងទទួលថតតាមការសន្យា។ នៅក្នុងរឿងនេះនាងសម្ដែងឆ្នាស់ដល់កំពូល តែបង្កប់ចរឹត ក្រមិចក្រម៉ើមដដែល ជាមួយតួសម្ដែងក្មេងៗដែលបានសម្ដែងក្នុងរឿងកំណត់ហេតុនាងនាថ។
ខាងក្រោមនេះជាទិន្នភាពក្នុងពិធីក្រុងពាលីរឿង«ក្រមុំឆ្នាស់ប៉ះក្មេងស្ទាវ» ដែលទើបនឹងបញ្ចប់មុននេះ៖
មតិយោបល់