ព័ត៌មានសេដ្ឋកិច្ច

ចិន គ្រោងបង្កើតរោងចក្រដំបូងបង្អស់ផលិតកញ្ចក់ ចេញពីខ្សាច់ស៊ីលីកា នៅកម្ពុជា

ក្រុមហ៊ុនចិន Grand Honour Industries គ្រោងនឹងបង្កើតរោងចក្រផលិតកញ្ចក់ដំបូងបង្អស់នៅកម្ពុជា ដោយផលិតចេញពីខ្សាច់ស៊ីលីកា នៅកម្ពុជា។ នេះបើយោងតាមគេហទំព័ររបស់ ក្រសួងរ៉ែ និងថាមពល ចេញផ្សាយកាលពីម្សិលមិញនេះ។

ចំពោះអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលកម្ពុជាទទួលបានគឺ ការបង្កើតទីផ្សារការងារ និងមិនបាត់បង់អត្ថប្រយោជន៍តម្លៃបន្ថែមលើវត្ថុធាតុដើម (ខ្សាច់ស៊ីលីកា) ព្រោះមិនត្រូវនាំចេញទៅក្រៅប្រទេស។

ក្រុមហ៊ុនចិនមួយនេះ ជាក្រុមហ៊ុនដែលមានជំនាញផ្នែកផលិតកញ្ចក់ មានទាំងសក្តានុពល ទាំងសមត្ថភាព និងបទពិសោធន៍ ដោយមានរោងចក្រជាច្រើននៅចិន និងម៉ាឡេស៊ី។

គួររម្លឹកដែរ ក្រុមហ៊ុនចិន China Anhua Group ក៏គ្រោងនឹងបង្កើតរោងចក្រផលិតកញ្ចក់ នៅកម្ពុជា ដែលត្រូវការខ្សាច់ពណ៌ស ច្រើន សម្បូរនៅខេត្តកោះកុង។

ក្រុមហ៊ុន China Anhua Group ក៏មានគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ រោងចក្រចម្រាញ់ប្រេង រោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងការបង្កើតកំពង់ផែ នាំចូល និងចែកចាយឧស្ម័នធម្មជាតិ។

វាជាចំណុចប្រសើរបំផុត ដែលក្រុមហ៊ុន បានបង្ហាញជំហរនៃការផលិតអគ្គិសនីដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកញ្ចក់ ទាំងអគ្គិសនីដើរដោយប្រេង និងដោយពន្លឺព្រះអាទិត្យ ពីព្រោះតាមការពន្យល់របស់ក្រុមហ៊ុន ការបង្កើតរោងចក្រផលិតកញ្ចក់ មិនត្រូវឲ្យមានការដាច់ចរន្តអគ្គិសនី ក្នុងរយៈពេល ៨ឆ្នាំជាប់គ្នា៕

មតិយោបល់