ក្នុងពិធីសម្ពោធហាងថ្មីកាលពីថ្ងៃទី៩ កុម្ភៈ កញ្ញាលី ច័ន្ទសីហា មិនត្រឹមតែបញ្ជាក់ពីមហិច្ឆតារបស់ខ្លួនក្នុងការបើកបន្ថែមនូវជំនួញបន្ថែមប៉ុណ្ណោះ ប៉ុន្តែក៏បានទម្លាយអនាគតស្វាមីក្មេងរបស់នាងក៏ប្រច័ណ្ឌណាស់ដែរ។ យ៉ាងណាមិញ អ្នកទាំងពីរបានអះអាងថានឹងចាប់ដៃគ្នាដោយមិនបែកគ្នានោះទេ ដើម្បីកុំអោយមហាជនរិះគន់។
លី ច័ន្ទសីហា និយាយថាបើទោះជាគូស្នេហ៍របស់នាងអនុញ្ញាតិអោយនាងនៅសម្ដែងខ្លះៗ ប៉ុន្តែធាតុពិតលោកប្រច័ណ្ឌចំពោះនាងយ៉ាងខ្លាំង ជាពិសេសបើនាងបង្ហាញភាពរាក់ទាក់ជាមួយអ្នកណាម្នាក់។ ចឹងហើយទើបនាងមិនសូវហ៊ានសម្ដែងក្នុងឈុតឱបថើបប៉ុន្មានទេ ដើម្បីកុំអោយសង្សារប្រច័ណ្ឌ និងនាំអោយមានរឿងអន់ចិត្តគ្នា។ នាងថារយៈពេលកន្លងមករវាង និងសង្សារមិនអត់ឈ្លោះគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីចេះលួងគ្នាទើបមិនខុសពីអណ្ដាតនឹងធ្មេញ ដែលនាំអោយនាង និងលោកសម្រេចរៀបការជាផ្លូវការក្រោយបើកហាងកាបូប និងស្បែកជើង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដោយគម្រោងធ្វើជាង១០០តុ។
នាងថាគូស្នេហ៍នាងនៅក្មេង តែចេះគិត ហើយបើទោះជាលោកប្រច័ណ្ឌច្រើន តែឆាប់យល់ពីហេតុផលវិញដែរ ទើបធ្វើអោយនាងយល់ថាអាចផ្ញើខ្លួនបាន។ អ្នកទាំងពីរគម្រោងបើកជាភោជនីយដ្ឋានមួយទៀតរួមគ្នា ប៉ុន្តែមិនទាន់ច្បាស់បើកចេញពេលណា និងជាភោជនីយដ្ឋានរបៀបមិចនៅឡើយទេ ក្នុងពេលដែលសម្អាងការផង និងហាងលក់កាបូបផង ត្រូវការពេលមើលខុសត្រូវអោយរឹងមាំសិន។
មិនខុសគ្នាដែរគូស្នេហ៍របស់នាងបានសារភាពថាខ្លួនពិតជាឆាប់ប្រច័ណ្ឌ ប៉ុន្តែលោកប្រច័ណ្ឌព្រោះតែខ្លាចអនាគតភរិយារបស់ខ្លួនមានឱកាសនៅកៀកជាមួយតារាសម្ដែងណាម្នាក់ហើយក៏មានដំណឹងមិនល្អដូចគូស្នេហ៍អ្នកសិល្បៈមួយចំនួនប៉ុណ្ណោះ។ លោកថាមិនមានបុរសណាមួយសប្បាយចិត្តឃើញនារីរបស់ខ្លួនត្រូវគេអោបថើបនោះទេ ប៉ុន្តែលោកក៏យប់ពីសិល្បៈខ្លះដែរនាពេលចុងក្រោយ។ យ៉ាងណាមិញ លោកនៅតែចង់អោយនាងដកខ្លួនពីការសម្ដែងដែលនាំអោយលោកកើតចិត្តប្រច័ណ្ឌ ហើយងាកមករកស៊ីអោយបានច្រើនវិញ៕
មតិយោបល់