យោងតាមរបាយការណ៍ពីគេហទំព័រ Fast Company បានឱ្យដឹងថា តម្លៃទូរសព្ទដៃ iPhone ស៊េរីឆ្នាំ ២០១៧ របស់ក្រុមហ៊ុន Apple អាចកើនដល់ជាង ១,០០០ ដុល្លារ ដោយសារតែកញ្ចក់អេក្រង់របស់វាត្រូវបានផ្លាស់ប្តូរពីប្រភេទ LCD ទៅ OLED និងបំពាក់អង្គចងចាំកាន់តែធំ ដែលទាមទារការចំណាយថ្លៃដើមក្នុងការផលិតកាន់តែខ្ពស់។
ប្រភពព័ត៌មានដដែលបានលើកឡើងបន្ថែមថា ក្រៅពីបំពាក់អេក្រង់ថ្មី និងមាន Memory កាន់តែធំ វាក៏នឹងបំពាក់សម្បកផលិតពីកញ្ជក់នៅផ្នែកខាងខ្នង និងប្រើគែមលោហៈមិនចេះឆ្កូត ជំនួសយគែមអាលុយមីញ៉ូម។
iPhone 8 ត្រូវបានលេចឮព័ត៌មានជាហូរហែមកថា វានឹងផលិតចេញពីរម៉ូឌែល មានទំហំអេក្រង់ប៉ុន iPhone 7 (៤.៧ អីុញ) និង iPhone 7 Plus (៥.៥ អីុញ) ហើយមានឈ្មោះថា iPhone 7s និង iPhone 7s Plus មិនមែន iPhone 8 ដូចព័ត៌មានចចាមអារ៉ាមខ្លះបានចុះផ្សាយនោះទេ។
អ្នកវិភាគដ៏ប្រាកដប្រជាមួយរូបមកពីក្រុមហ៊ុន KGI Securities គឺលោក Ming-Chi Quo បានអះអាងកាលពីចុងឆ្នាំមុនថា iPhone ស៊េរីថ្មីរបស់ក្រុមហ៊ុនយក្សអាមេរិក នឹងបំពាក់អេក្រង់ប្រភេទ OLED តែមួយម៉ូឌែលប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមិនផ្លាស់ប្តូរទម្លាប់ក្នុងការប្រកាសចេញ iPhone ជំនាន់ថ្មី មុខ ឬក្រោយខែ កញ្ញា នោះទេ ដូច្នេះ គ្រប់យ៉ាងអាចនឹងប្រែប្រួល។ ប៉ុន្តែ ប្រសិនបើ iPhone ស៊េរីបន្ទាប់នោះពិតជាបំពាក់អេក្រង់ OLED មែននោះ លោកអ្នកដែលកំពុងទន្ទឹងរងចាំចង់បានវាមកប្រើ សូមត្រៀមលុយទុកជាងមួយខ្ទាស់ឱ្យហើយទៅ៕
ប្រភពព័ត៌មានៈ techcrunch
មតិយោបល់