យោងតាមប្រភពមួយដែលស្និទ្ធនឹងមន្ត្រីគណៈកម្មការភាពយន្តកម្ពុជា (CFC) ១រូប បានប្រាប់ឲ្យដឹងថា ខ្សែភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»របស់អ្នកស្រីអេនជែលលីណា ជូលី នឹងចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ នៅបីកន្លែងក្នុងប្រទេសកម្ពុជាមានដូចជា ខេត្តសៀមរាប (នៅទីលានជល់ដំរីថ្ងៃទី១៩ កុម្ភៈ) ទី២ នៅភ្នំពេញ (ថ្ងៃទី២១ ខែកុម្ភៈ នៅស្តាតអូឡាំពិក ផ្នែកខាងក្នុង) ទី៣ នៅទីរួមខេត្តបាត់ដំបងថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។
បើយោងតាមផេកហ្វេសប៊ុក រឿង «JailBreak: ការពារឧក្រិដ្ឋជន» ដែលជាភាពយន្តខ្មែរបែបវាយប្រហារ ល្បីបំផុតនៅដើមឆ្នាំ ២០១៧ នេះ ធ្លាប់ធ្លាប់បានបង្ហោះនៅលើផេករបស់ខ្លួនថា តារារបស់ខ្លួនចំនួន ៥ រូប នឹងបង្ហាញមុខ ក្នុងខ្សែភាពយន្ត របស់កំពូលតារាភាពយន្តហូលីវូត ខាងលើ ក្រោមចំណងជើង ថា«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាភាពយន្តប្រវត្តិសាស្ត្រកម្ពុជាមួយ និយាយពីតថភាពពិតនៃរបបខ្មែរក្រហម។
តារា៥ដួង ដែលនឹងបង្ហាញវត្តមាន ក្នុងភាពយន្តនោះមានដូចជា៖
១.សាវិន ហ្វីលីព ហៅ Playboy
២. ឌី សូនីតា
៣. សំ ថារ័ត្ន ,តារាក្បាច់គុណល្បុក្កតោ
៤. រស់ មុន្នី
៥. ផង់ តារា ,តារាក្បាច់គុណល្បុក្កតោ ។
អ្នកស្រីអេនជែលលីណា ជូលី កន្លងមកធ្លាប់បានបញ្ជាក់ថា ប្រទេសកម្ពុជា បានផ្លាស់ប្តូរជីវិតគាត់ទាំងស្រុង ក្រោយពីគាត់បានទទួលសុំកុមារកម្ពុជាម្នាក់ឈ្មោះ ម៉ាដុក មកធ្វើជាកូនចិញ្ចឹម ។ អ្នកនាងបានបន្តថា ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នេះ ផលិតឡើងដើម្បីឲ្យពិភពលោក បានស្គាល់ប្រទេសកម្ពុជា កាន់តែច្បាស់ ហើយវាធ្វើឡើង សម្រាប់ប្រជាជនកម្ពុជា ទាំងមូល ៕


មតិយោបល់