ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡើងកូដបានខ្យល់ ស្ងាត់មុខ តារាសម្ដែង ឡាទីន ដូចចោរលួចសេះ

ប្រមាណជាងកន្លះឆ្នាំមកហើយ ដែលអតីតកីឡាប្រដាល់ ដែលបានក្លាយខ្លួនជាតារាសម្ដែង លោកឈិន ទី ហៅឡាទីន បាត់មុខឆឹងតែម្ដង ដោយសូម្បីតែការបង្ហាញមុខក្នុងសកម្មភាពសំខាន់ៗរបស់«គ្រួសារតារាកម្ពុជា»ក៏ឈប់នឹកនា។ ឆ្លើយតបនឹងចម្ងល់មួយនេះ លោកអះអាងថា សិល្បៈប្រហែលជាដើរផ្លូវទ័លធ្វើអោយលោកសម្រេចចិត្តបោះបង់ហើយ ដោយសារតែលោកត្រូវការយកពេលទៅបំពេញការងារសម្រាប់ឆ្នាំងបាយ ហើយមិនមានពេលចេញមុខចេញមាត់ដូចមុន។

លោក ឡាទីន និយាយថាក្រោយទទួលបានសម្ដែងច្រើនរឿងក្រោយវិវត្តន៍ខ្លួនបានក្លាយជាតារាសម្ដែង លោកទទួលបានត្រឹមតែមុខមាត់នៅក្នុងសង្គមប៉ុណ្ណោះ ប៉ុន្តែសម្រាប់លុយកាក់បានធ្វើអោយលោកមានការប្រឈមយ៉ាងខ្លាំង ទើបលោកសម្រេចចិត្តដកខ្លួនមកធ្វើការនៅក្នុងក្រុមហ៊ុនមួយវិញ ដើម្បីនិរន្តរ៍ភាពប្រាក់ចំណូល។ លោកថាក្នុងពេលសម្ដែងគ្មានពេលសម្រាក លោកទទួលបានប្រាក់កម្រៃសឹងមិនគ្រប់ការធ្វើខ្លួននោះទេ ដោយលោកបានយល់ស្របថាបើមានស្ថានភាពខ្វះខាត គឺមិនអាចនឹងជោគជ័យនៅក្នុងវិថីនេះនោះផង។ យ៉ាងណាមិញ លោកថាមិនទាន់បោះបង់ទាងស្រុងនោះទេ គឺក្នុងពេលណាមួយលោកនឹងត្រឡប់មកវិញ ដោយគ្រាន់តែក្នុងពេលនេះលោកហាក់គិតថាស្ថានភាពរកលុយ មានភាពសំខាន់ជាងប៉ុណ្ណោះ។
លោកនិយាយថា ក្រោយការដកខ្លួនមានការទាក់ទងអោយលោកសម្ដែង និងថតស្ពតមួយចំនួនផងដែរ ប៉ុន្តែលោកមិនអាចសុំច្បាប់ការងារ ហើយទទួលយកការសម្ដែងដែលបានទាក់ទងទាំងនោះបានទេ ទើបលោកមិនទទួលតែម្ដង ដើម្បីធ្វើការអោយស៊ប់ច្រើនជាង។

លោកសម្រាប់ចំណូលចិត្តគឺស្រឡាញ់ទាំងការប្រដាល់ និងសម្ដែង ប៉ុន្តែបណ្ដាលមកពីការងារទាំងពីរ សុទ្ធតែមិនអាចអោយលោកទទួលបានជោគជ័យលើការរៀបចំជីវភាព ទើបមានការងារក្រុមហ៊ុនដែលលោកចេញធ្វើរាល់ថ្ងៃប៉ុណ្ណោះ ដែលលោកចាំបាច់ត្រូវធ្វើ។ ស្របគ្នាដែលគ្រួសាររបស់លោកមិនសូវមានការជម្រុញអោយលោកបន្តប្រឡូកនៅក្នុងសិល្បៈនោះផង ទើបសូម្បីតែការងារសប្បុរសធម៌ខ្លះ ដែលលោកមានពេលអាចឆ្លៀតចូលបាន ក៏នៅតែមិនចង់ចេញមុខ។ លោកថាបើចូលក្នុងភាពលិបល គឺមិនខុសពីខាតពេលចោលទទេនោះទេ ដោយលោកយល់ថារង់ចាំអោយពេលវេលាអំណោយផលជាថ្មីចាំចូលម្ដងទៀត គឺជារឿងប្រសើរជាង៕

មតិយោបល់