ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចុះធ្វើការឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ជាង១០នាក់ ក្នុងនៅភូមិច្រាំងបាក់ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដែរ មានការដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមសហការជាមួយនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងនគរបាលខណ្ឌច្បារអំពៅ ចុះទៅត្រួតពិនិត្យនៅក្នុងភូមិខាងលើ ។
ជាក់ស្តែងសមត្ថកិច្ចឃាត់ខ្លួនបានជនជាតិវៀតណាមខុសច្បាប់ចំនួន១៦នាក់ ក្នុងនោះមានស្រីចំនួន៦នាក់ ដែលត្រូវបានសមត្ថកិច្ចរកឃើញថា បានលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅ និងបំពេញការងារក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
បច្ចុប្បន្នជនជាតិវៀតណាមទាំង១៦នាក់ ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីត្រៀមបណ្តេញចេញនៅពេលក្រោយតាមផ្លូវច្បាប់៕





មតិយោបល់