កាលពីយប់ថ្ងៃទី១១ កុម្ភៈ ផលិកម្មឥន្ទ្រានិមិត្ត ដែលត្រូវគេស្គាល់ថាបានរំលេចស្នាដៃរឿង «កំណត់ហេតុនាងនាថ» ឡើងផ្អើលស្រទាប់មហាជននោះ បានប្រកាសជាផ្លូវការពីគម្រោងផលិតរឿងទី២របស់ខ្លួន ដោយមានទាំងការប្រកាសអោយដឹងពីសមាសភាពតួសម្ដែងក្នុងរឿងនោះផង។ ខ្សែរឿងនោះមានចំណងជើងថា«សរសរកន្លោង» ដោយសាច់រឿង មានឈុតភ័យរន្ធត់ និងកំប្លុកកំប្លែង ដែលខាងផលិតករកជឿថា នឹងកន្ទ្រាក់អារម្មណ៍មហាជនបានខ្ពស់។
លោករ៉ូណាន់ ជាផលិតករប្រចាំផលិតករឥន្ទ្រានិមិត្ត បានថ្លែងប្រាប់ថាដោយសារតែរឿង «កំណត់ហេតុនាងនាថ» ទទួលបានជោគជ័យ ទើបក្រុមការងារសម្រេចផលិតរឿងទី២ភ្លាមៗ ដើម្បីឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ។ លោកថាខ្សែរឿងដែលមានចំណងជើងថា«សរសរកន្លោង» នឹងប្រើពេលច្រើនខែដើម្បីថត និងកាត់ត ដោយមិនទាន់ប្រាកដថានឹងរួចរាល់ ហើយអាចដាក់បញ្ចាំងជាផ្លូវការនៅពេលណាឡើយ។ ប៉ុន្តែអ្វីដែលច្បាស់ពេលនេះ គឺរឿង«សរសរកន្លោង»ត្រូវចេញថតចាប់ពីដើមខែមិនា មុនចូលឆ្នាំ និងប្រើទុនច្រើនជាងរឿង«កំណត់ហេតុនាងនាថ» ដោយអាចរង្វង់៦ម៉ឺនដុល្លារយ៉ាងតិច។ លោកថាផលិតកម្មបានសម្រេចសហការជាមួយភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ធ្វើពិធីជប់លៀងអបអរភាពជោគជ័យរបស់រឿង«កំណត់ហេតុនាងនាថ»ផង និងធ្វើពិធីសន្និសីទកាសែតប្រកាសរឿងថ្មី ដោយបង្ហាញតួអង្គផង ដើម្បីអោយពិធីប្រកាសរឿង«សរសរកន្លោង» មានភាពខុសប្លែកពីគេ បើទោះជាត្រូវចំណាយលុយច្រើនបន្តិច។
ក្នុងពិធីជប់លៀង និងបើកសន្និសីទប្រកាសរឿងថ្មីនោះ មានការប្រកាសថា លោកទ្រី តារាវុធ ហ្វេសស៊ីប៊យ និងកញ្ញា យ៉ែម ស្រីពេជ្រ ជាតួឯកប្រុសស្រី និងតួសំខាន់ៗផ្សេងទៀតរួមមាន អ្នកនាងប៉េងប៉ោង លោក ភីម៉ៃ អ្នកនាងឆ័យលី ដាឡែន កុមារីអូន សូនីតា លោកពៅ ករុណា លោកអៀម សុខា កញ្ញា វណ្ណៈ បូរមី លោកសោម សេរីវុធ និងកញ្ញាស៊ីធឿន។ ពិធីនោះក៏មានវត្តមានតារាកិត្តិយសចូលរួមច្រើនណាស់ដែរ អមដោយពិធីជប់លផង និងរាំច្រៀងយ៉ាងកងរំពងនោះ៕
មតិយោបល់