យោងតាមការទម្លាយពីក្លិបក្រសួងការពារជាតិ សកម្មភាពថតវ៉ុលថ្មីសម្រាប់ពិធីចូលឆ្នាំ ដែលដំណើរថតដោយផលិតកម្មថោននៅភ្នំបាសិត នាថ្ងៃទី១៣ កុម្ភៈនេះ ក៍មានវត្តមានកីឡាករល្បីៗ ចូលថតចម្រុះជាមួយតារាប្រុសស្រីខុសពីឆ្នាំមុនផងដែរ។ វត្តមានរបស់កីឡាករទាំងនេះ ពិតជាកន្ទ្រាក់ក្រសែភ្នែកតារាសិល្បៈ និងមហាជន ក្នុងពេលកីឡាករទាំងនោះលេចមុខសម្តែង។
ប្រភពបាននិយាយថាកីឡាករដែលនឹងបង្ហាញខ្លួន ក្នុងវេទិកាថតសកម្មភាពចូលឆ្នាំរបស់ផលិតកម្មថោនទាំងនោះនោះរួមមាន កីឡាករ អ៊ុំ សិរីរ័ត្ន អ្នកចាំទីរបស់ក្រសួងការពារជាតិ កីឡាករ ជ្រឹង ពលរដ្ឋ ខ្សែបម្រើរបស់ក្រសួងការពារជាតិ កីឡាករកែវ សុខផេង ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន កីឡាករឈិន ឈឿន ខ្សែបម្រើស្លាបរបស់ក្រសួងការពារជាតិ និងកីឡាករល្បីៗ ក្នុងពិភពបាល់ទាត់ជាច្រើនរូបទៀត។ នេះជាវត្តមានបង្ហាញខ្លួនយ៉ាងកម្ររបស់កីឡាករឆ្នើមៗ ក្នុងពិភពបាល់ទាត់ក្នុងMVសម្រាប់ចូលឆ្នាំ ដែលផលិតកម្មថោនរំលេចមុនគេ។ ប្រភពពីផលិតករបញ្ជាក់ថា វ៉ុលចូលឆ្នាំរបស់ថោនឆ្នាំនេះ បានចំណាយរៀបចំភូមិមួយនៅជើងភ្នំបាសិត ធ្វើជាទីតាំងថតMVចូលឆ្នាំតែម្ដង ដោយវ៉ុលចូលឆ្នាំរបស់ខ្លួន ដែលសម្រុកថតអោយចប់ដល់យប់ថ្ងៃទី១៣ កុម្ភៈនេះ មានចំនួន៤០បទ។ បន្ថែមពីលើវត្តមានតារាសិល្បៈរហូតដល់រាប់រយនាក់ ដែលបង្ហាញសម្រាប់ឆ្នាំនេះ ថោនពិតជាបញ្ចូលកីឡាករខាងលើអោយចូលសម្ដែងប្រាកដមែន ដើម្បីអោយMV របស់ខ្លួនប្លែកគ្នាប្លែកអ្នកគាំទ្រ នៅពេលចេញលក់ផ្លូវការ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា វ៉ុលចូលឆ្នាំឆ្នាំនេះរបស់ផលិតកម្មថោន កន្ទ្រាក់បានសន្ទុះកម្រិតណានៅឡើយទេ ក្នុងពេលដែលឆ្នាំមុន ផលិតកម្មហង្សមាសបានគ្រងតំណែងឡើងកូដជាងជាមួយនឹង បទ”រាំញីកែងជើង”និង បទOriginal របស់ពេជ្រ សោភា នោះ។
មតិយោបល់