ប្រមាណជាឆ្នាំចុងក្រោយ មានការលើកឡើងកាន់តែខ្លាំងថាតារាចម្រៀងខេម បាត់បង់បង្អែកនៅផលិតកម្មថោន ដោយសារតែលោកធ្វើអោយថោនអន់ចិត្តជាច្រើនអន្លើក្នុងពេលឡើងកូដ។ អ៊ីចឹងហើយតារារូបនេះមិនសូវមានបទល្អវាយលុកដូចមុន ខណៈដែលលោកក៏លាងមិនជ្រះរឿងបុកមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ និងរឿងវាយឫកក្រោយបានឡើងកូដនោះ។
ប្រភពមួយបានលើកឡើងថា តារាចម្រៀងខេម មិនដឹងថាអាចមានឱកាសឡើងកូដដូចគ្នានឹងមុនជួបគ្រោះថ្នាក់ បណ្ដាលអោយជនជាតិខ្មែរឥស្លាមម្នាក់ស្លាប់ ឬយ៉ាងណានោះទេ ក្នុងពេលដែលក្នុងផលិតកម្មថោន មានការទម្លាយថាលោកធ្វើអោយមន្ត្រីផលិតកម្មថោនអន់ចិត្ត រហូតធ្វើអោយថោន មិនសូវសម្រុកលើកស្ទួយលោកដូចមុន បណ្ដាលអោយលោកចាប់ផ្ដើមស្ងាត់ប្លែក។ យ៉ាងណាមិញ ប្រភពដដែលបន្តថាថោនមិនអាចទម្លាក់លោកចោល ដោយមិនផលិតបទចម្រៀងអោយលោកបានទេ ដោយសារតែលោកនៅជាប់កុងត្រានៅឡើយ ហើយបើមិនផលិតបទអោយល្អញឹកទេ គឺលោកអាចនឹងហក់ចេញទៅផលិតកម្មផ្សេង បណ្ដាលអោយថោនបាក់មុខ។ ក្រុមអ្នកទម្លាយបានលើកឡើងថា តារាចម្រៀងខេម មិនត្រូវបានថោនលើកអោយកប់ពពកដូចមុនទេ ដោយសារតែលោកត្រូវគេទម្លាយថាមើលស្រាលការងារក្នុងពេលឡើងសន្ទុះ។ ក្នុងនោះបទចម្រៀងរបស់លោកក៏មិនសូវបានចេញច្រើនៗដូចមុនផងដែរ បើធៀបនឹងតារាផ្សេងទៀត ដែលហាក់ត្រូវបានផលិតកម្មថោនងាកទៅយកទៅយកចិត្តទុកដាក់។
តារាចម្រៀងខេម មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែមន្ត្រីម្នាក់ដែលគេស្គាល់បានផលិតបទ និងដឹកនាំសម្ដែងអោយតារាចម្រៀងរូបនេះ បានអះអាងថា ហេតុផលដែលតារាចម្រៀងខេម មិនសូវមានចម្រៀងចេញច្រើន លោកមិនបានដឹងថាវាមានពាក់ព័ន្ធនឹងរឿងមន្ត្រីណាមួយអន់ចិត្ត ឬយ៉ាងនោះទេ ប៉ុន្តែលោកថាហេតុផលចេញតិចជាងមុន គឺដោយសារតែខេមឧស្សាហ៍ចេញច្រៀងសប្បុរសធម៌ ជាមួយអង្គការខ្ញុំខ្មែរ កាលពីមួយរយៈមុន។ លោកថាហេតុផលខេម ឧស្សាហ៍ចេញក្រៅ ទើបបណ្ដាលអោយឱកាសទម្លាក់បទចម្រៀង ដល់តារាចម្រៀងផ្សេង ត្រូវគេឃើញជាជំនួស។ ប៉ុន្តែលោកថាហេតុផលដាក់បទមួយអោយៗ ហើយមិនសូវផ្ទុះខ្លាំងដូចមុន ក៏ជាមូលហេតុធ្វើអោយថោន រៀងទម្លាក់ដៃជាមួយផងដែរ ដោយសារតែថោនធ្វើការបំបុកបទអោយតារាម្នាក់ៗ ក៏ផ្អែកលើប្រជាប្រិយភាពតារានេះដែរ៕
មតិយោបល់