ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សិរីរ័ត្ន និងអេឡិច ចន្ត្រា រំភើបចិត្តនៅអង្គការសុម៉ាលីម៉ម

កាលពីថ្ងៃ១៤ កុម្ភៈ ខណៈដែលតារាសិល្បៈយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួនច្រៀងរាំ ក្នុងព្រឹត្តិការន៍ផ្ដល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកអេឡិច ចន្ត្រា និងអ្នកនាងពេជ្រ សិរីរ័ត្ន ដែលតារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះក៏បានបង្ហាញខ្លួន នៅមណ្ឌលសុម៉ាលីម៉ម ក្នុងចំនួបជាមួយក្មេងៗជាជនរងគ្រោះ ដើម្បីចែករំលែកសេចក្ដីស្រឡាញ់ផងដែរ។ ក្រៅពីចែកនំចំណី និងផ្ដល់ក្ដីស្រឡាញ់ដល់ក្មេងៗទាំងនោះ តារាទាំងពីរដែលអមដំណើរដោយតារាផ្សេងទៀត ក៏បង្ហាញអារម្មណ៍រំភើបចិត្តដែលបានចុះជួបក្មេងនាថ្ងៃនោះដែរ។

លោកអេឡិច ចន្ត្រាបានបង្ហាញនៅលើហ្វេសប៊ុកថាភរិយាលោកហ៊ុន ម៉ានី គឺលោកស្រី យឹម ឆៃលីន ជាអ្នករៀបចំកម្មវិធីនេះឡើង ដោយបានអញ្ជើញលោក និងតារាមួយចំនួនទៀតអោយចូលរួម។ លោកថាជារឿងរំភើប ដែលថ្ងៃ១៤ កុម្ភៈ លោកមានឱកាសបានបង្ហាញក្ដីស្រឡាញ់ ក្រោមការរៀបចំរបស់លោកស្រី យឹម ឆៃលីន ហើយបានជ្រួតជ្រាបរឿងរ៉ាវមួយចំនួនរបស់កុមារៗ ដែលបានសង្គ្រោះដោយអង្គការសុម៉ាលីម៉ម។ លោកថាខ្លួនមានតែការជូនពរ និងលើកទឹកចិត្តប្អូនៗអោយប្រឹងតស៊ូ និងខិតខំរៀនសូត្រប៉ុណ្ណោះ ខណៈដែលលោកក៏បានប្រកាសថា នឹងពេញចិត្តចូលរួមនូវរាល់សកម្មភាពរបស់អង្គការមួយនេះ ដើម្បីអោយៗក្មេងទទួលបានជំនួយសប្បុរសធម៌ ឬការលើកទឹចិត្តនានា។

មិនខុសគ្នាដែរកញ្ញា ពេជ្រ សិរីរ័ត្ន ក៏បានប្រកាសថានាងសប្បាយចិត្ត ក្នុងជំនួបជាមួយក្មេងៗនាថ្ងៃនោះដែរ ដោយបានទាំងចាត់ទុកថា នោះជាថ្ងៃដែលនាងសប្បាយចិត្តបំផុត ដែលមានឱកាសចូលកៀកក្មេងៗ ហើយបានដឹងពីសុខទុក្ខរបស់ក្មេងៗរស់នៅក្នុងអង្គការសុម៉ាលីម៉មនោះផង។ កញ្ញាថា អំណោយដែលលោកស្រីយឹម ឆៃលី ចាត់ចែងអោយនាង និងតារាផ្សេងចែកជូនដល់ក្មេងៗរួមមាន សំឡការី នំបញ្ចុក នំប៉ុង ភេសជ្ជៈ និងសម្ភារៈសិក្សា ដោយក្មេងៗនៅក្នុងមណ្ឌលនោះ បានបង្ហាញអារម្មណ៍រីករាយ រហូតធ្វើអោយនាងរំភើបខ្លាំង។ នាងថាខ្លួនចូលរួមជាមួយលោកស្រី យឹមឆៃលីន គឺដោយសារតែលោកស្រីរមែងចែករំលែកក្តីស្រលាញ់ និងការអាណិតអាសូរ ដល់ជនទីទ័លក្រ ចាស់ជរា និង ក្មេងកំព្រា ដែលនាងយល់ថាសុទ្ធតែជាសកម្មភាពមនុស្សធម៌៕

មតិយោបល់