រោងចក្រចម្រាញ់ប្រេងកាត នៅខេត្តព្រះសីហនុ ចំណាយទុនជាង ៣ពាន់លានដុល្លារអាមេរិក និងផលិតឲ្យបាន ៥លានតោនក្នុងមួយឆ្នាំ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ក្រសួងរ៉ែ និងថាមពល។
ក្រុមហ៊ុន Cambodia Petrochemical និងក្រុមហ៊ុន CNPC NorthEast Refining & Chemical Engineering បានសហការគ្នាអភិវឌ្ឍន៍លើ វិស័យប្រេងកាត តាមរយៈគម្រោងវិនិយោគសាងសង់រោងចក្រនេះ ដែលជាខ្សែសង្វាក់ផលិតកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ផលិតប្រេងមានស្តង់ដារគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងចែកចាយក្នុងតំបន់។
ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនគ្រោងនឹងចំណាយដើមទុនប្រមាណ ៦២០លានដុល្លារអាមេរិក និងបញ្ចប់ការសាងសង់រោងចក្រនៅឆ្នាំ ២០១៨ខាងមុខនេះ ជាមួយសមត្ថភាពផលិត ២លានតោនក្នុងមួយឆ្នាំ។
គួររម្លឹកដែរថា អំឡុងទសវត្សរ៍ទី ៦០ កម្ពុជា ធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយ នៅតំបន់ស្ទឹងហាវ ក្រុងព្រះសីហនុ តែត្រូវបំផ្លាញទាំងស្រុងដោយសារសង្គ្រាម ដែលធ្វើឲ្យកម្ពុជា មិនទាន់មានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួនរហូតដល់បច្ចុប្បន្ន៕
មតិយោបល់