ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយឡើងខ្លួនជាថៅកែ ស្រេង ឈាងឡេង រំពឹងជោគជ័យក្នុងភាពយន្តរឿង “មើលងាយ”

តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញដីធ្លីដ៏ជោគជ័យម្នាក់ បានបង្ហាញការជឿជាក់យ៉ាងខ្លាំងថា ភាពយន្តជីវិតរឿង “មើលងាយ” ដែលលោកទើបសម្ដែងចប់ និងត្រៀមបញ្ចេញ នឹងទទួលជោគជ័យ។ លោកយល់ឃើញបែបនេះ បន្ទាប់ពីប្រកាសបើកគម្រោង ពុះលក់ដីឡូតិ៍ទី១១ នៅស្រុកគងពិសីខេត្តកំពុងស្ពឺ កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩។

លោកថាដើម្បីកុំឲ្យគេមើលឃើញថា លោកអាចមានបញ្ហាលើមុខជំនួញ ទើបសម្រេចចិត្តមកបើកគម្រោងពុះដីឡូតិ៍ទី១១ ក្ដៅៗដែលគម្រោងមួយនេះ គឺជាគម្រោងជោគជ័យដែលធ្លាប់កើតឡើង១០គម្រោងមកហើយ ជាមួយដៃគូសហការ។ បន្ទាប់ពីជោគជ័យ១០គម្រោងរួចមកហើយ ដែលធ្វើឲ្ម្នាក់ៗកោតសរសើរពីភាពជោគជ័យ។

នេះជាគម្រោងបើកលក់ដីធ្លីដែលលោកបង្អួតជាសាធារណៈ បន្ទាប់ពីលោកត្រូវគេកត់សម្គាល់ថា ជោគជ័យក្នុងពិភពសិល្បៈ តាមរយៈឱកាសបង្ហាញខ្លួន ក្នុងកម្មវិធីសិល្បៈធំៗ និងឡើងឆាកទូរទស្សន៍ នាពេលចុងក្រោយ។ លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថា ជាអ្នកជំនួញដីធ្លីតាំងពីមុនចូលសិល្បៈ បានអះអាងថា តាំងពីលោកចូលប្រកួត ឈុតបុរាណ ជាមួយគ្រួសារតារាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ទិវារវប្បធម៌ អបអរប្រាសាទសំបូរព្រៃគុក ទីផ្សារសិល្បៈរបស់លោកឈានឡើងគួរឲ្យកត់សម្គាល់ ដោយក្រៅពីខាងផលិតករហង្សមាស និងផលិតករដទៃទាក់ទង ឲ្យចូលកម្មវិធី ជាហូរហែរ ក៏ត្រូវបានផលិតករមួយពេញចិត្តឲ្យសម្ដែងជាតួឯកក្នុងរឿង”មើលងាយ” ដែលទើបនឹងថតបញ្ចប់ក្ដៅៗផងដែរ។

លោកថាភាពយន្តនោះ នឹងចេញវាយលុកទីផ្សារឆាប់ៗ បន្ទាប់ពីកាត់ត និងរៀបរយរួចរាល់។ យ៉ាងណាមិញ លោកក៏មិនភ្លេចការងារស្នូល គឺមុខរបរពុះដីឡូតិ៍លក់ផងដែរ ដោយទើបតែបានបើកគម្រោងទី១១ នៅភូមិស្រយ៉ាវ ឃុំព្រះនិពាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ចម្ងាយ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅផងដែរ។ លោកថាគម្រោងនេះ ទើបតែបើកកាលពីថ្ងៃទី២៣ វិច្ឆិកា ក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ តែទទួលបាន ការគាំទ្រលើសពីការរំពឹងទុក ដោយសារតែទីតាំងអំណោយផល គួបផ្សំនឹងលោកប្រើយុទ្ធសាស្ត្រថែមជូនផ្ទះលម្ហែរកាយឲ្យមួយអមដោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យទាំងស្រុង។ អ៊ីចឹងហើយ ទើបលោកចេះ តែមានកម្លាំងចិត្តក្នុងមុខជំនួញពុះដីឡូតិ៍ ជាពិសេសបន្ទាប់ពីទីផ្សារសិល្បៈឈានឡើង គឺអាជីវកម្មមួយនេះ កាន់តែជួយអោយលោករីកចម្រើន។

លោក ស្រេង ឈាងឡេង ប្រកាសថា នឹងចាប់សិល្បៈទន្ទឹមគ្នានឹងមុខជំនួញ ដោយលោកនឹងទទួលទាំងសម្ដែង ឡើងឆាកច្រៀង និងថតកម្មវិធីផ្សេង ប្រសិនបើមានតម្រូវការបើទោះជាលោករវល់នឹងមុខជំនួញ។ លោកក៏ត្រៀមបោះទុនបើកគម្រោងទី១២ និងពង្រីកគម្រោងទី១១ ដែលមានការគាំទ្រពីដៃគូម្នាក់ទៀត គឺលោក ជា សុផល មួយនេះ ក្នុងពេលបន្តបន្ទាប់ផងដែរ៕

មតិយោបល់