យន្តហោះស្វ័យបើកបរដ្រូន Ehang 184 របស់ចិន ដែលបានធ្វើឱ្យកក្រើកនៅឯពិព័រណ៍ CES ខែមករា ២០១៦ នឹងក្លាយជាយានជំនិះលើអាកាសលើកដំបូងបង្អស់របស់ពិភពលោក នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ចាប់ពីខែកក្កដា ខាងមុខនេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ប្រធានអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុង ធ្វើឡើងនៅឯជំនួបរដ្ឋាភិបាលពិភពលោកនៅថ្ងៃច័ន្ទ (សប្តាហ៍នេះ)។
តាមពិតទៅ បើយោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Associated Press ដ្រូនដែលអាចដឹកមនុស្សបានម្នាក់នេះ បាននិងកំពុងចរាចរនៅជុំវិញអគារកប់ពពក Buri Al-Arab នៅឌូបៃ រួចទៅហើយ ក្នុងរយៈកម្ពស់ផុតពីដី ២១០ ម៉ែត្រ។ បើតាមការថ្លែងរបស់លោក Mattar al-Tayer ប្រធានអាជ្ញាធរដឹកជញ្ជូន និងផ្លូវថ្នល់របស់ទីក្រុង បានឱ្យដឹងថា៖ «យើងបានសាកល្បងប្រើប្រាស់យានជំនិះស្វ័យប្រវត្តិនេះ នៅលើផ្ទៃអាកាសក្នុងទីក្រុងឌូបៃរួចទៅហើយ»។
ក្រៅពីការប្រកាសបើកឱ្យយានដ្រូនចរាចរលើផ្ទៃអាកាសរបស់ទីក្រុងជាផ្លូវការនៅខែកក្កដាខាងមុខ លោក Mattar មិនបានទម្លាយព័ត៌មានលម្អិតអ្វីផ្សេងទៀតដូចជា ថាតើយានស្វ័យប្រវត្តិដ្រូនប្រភេទនេះ នឹងបើកឱ្យមានការលក់ដូរ ឬជួលជាសាធារណៈនោះទេ។ ប៉ុន្តែ លោកបានបញ្ជាក់ថា វាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ឌូបៃ ក្នុងកិច្ចខំប្រឹងប្រែងដាក់បញ្ចូលយានជំនិះស្វ័យបើកបរឱ្យបាន ១ ភាគ ៤ ក្នុងចំណោមយានជំនិះទាំងអស់ក្នុងសហភាពអារ៉ាមរួម មុនឆ្នាំ ២០៣០។
ដើម្បីអាចឱ្យដ្រូនដឹកអ្នកដំណើរនេះអាចចរាចរណ៍ទៅបានដោយរលូន អាជ្ញាធរនឹងជួលក្រុមហ៊ុនចិន Ehang ដែលផលិតវាមុនដំបូងគេបង្អស់លើលោក មកធ្វើការគ្រប់គ្រង និងបញ្ជាការហោះហើរ។
គួររំឭកថា Ehang 184 មានសមត្ថភាពអាចធ្វើការហោះហើរបានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់ ១០០ គីឡូក្រាម រួមទាំងវ៉ាលីតូចមួយ ហើយវាអាចធ្វើដំណើរទៅកាន់គោលដៅណាមួយដោយស្វ័យប្រវត្តិតាមការកំណត់របស់អ្នកដំណើរ និងឋិតក្រោមការគ្រប់គ្រង់របស់បញ្ជាពីទីបញ្ជាការមួយ៕
ប្រភពព័ត៌មានៈ thenextweb, engadget
មតិយោបល់