ព័ត៌មានជាតិ

ទៀតហើយ…! សមត្ថកិច្ចបង្ក្រាបអ្នកជួញដូរថ្នាំញៀន២នាក់ រួមនិងថ្នាំញៀនជាង២០កញ្ចប់

កណ្តាល: កម្លាំងនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបអ្នកជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួមនឹងថ្នាំញៀន២១កញ្ចប់។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្ទះភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជន សង្ស័យទាំង២នាក់ ទី១-ឈ្មោះ តុប សុខម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ វ៉ា កុសល់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកក) ២១កញ្ចប់តូច ,ឧបករណ៍ប្រើប្រាស់មួយចំនួន រួមនឹងទូរសព្ទដៃ អិនចុចពិល១គ្រឿង។

លោកអធិការបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅចំណុចខាងលើ ទើបកម្លាំងបានចុះទៅឃាត់ខ្លួនម្នាក់ និងថ្នាំញៀន៣កញ្ចប់ ដោយខ្លួនយកថ្នាំពីឈ្មោះ តុប សុខុម ។

ដោយមានការចង្អុលបង្ហាញពីលោកស្នងការ ស្នងការរងទទួលបន្ទុក និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកណ្ដាល ទើបកម្លាំងជំនាញចុះទៅឆែកឆេរដោយមានការចូលរួមពីលោកស្រីមេឃុំ មេភូមិ រកឃើញថ្នាំញៀនចំនួន១៨កញ្ចប់តូចបន្ថែមទៀត។

តាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួន ទិញថ្នាំញៀនពីជនសង្ស័យមិនស្គាល់ឈ្មោះម្នាក់ក្នុងតម្លៃ៣០ម៉ឺនរៀល យកមកលក់បន្ត។

បច្ចុប្បន្នជនសង្ស័យឃាត់ ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់