កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ លោកគាំ ចន្ធី ដែលអ្នកណាក៏ស្គាល់ថាជាម្ចាស់ផលិតកម្មFCI ដែលមានស្នាដៃផលិតរឿងរាប់មិនអស់ក្នុងវិស័យផលិតកុន បានប្រកាសផលិតរឿងភាគជាលើកដំបូងក្រោយពេលលោកចូលទៅកាន់តំណែងជាប្រធានផលិតកម្មវិធីជំនួសអោយការលាឈប់របស់លោកហ្វៃ សំអាង។ នេះជាជំហានបើកឆាករបស់លោកក្លាយជាមន្ត្រីពេញសិទ្ធិរបស់ទូរទស្សន៍អប្សរា ដោយលោកប្រកាសក្នុងពិធីផលិតរឿងនោះថាទូរទស្សន៍អប្សរា ក្រៅពីកែទម្រង់តាមរយៈផលិតរឿងផ្ទាល់ខ្លួនជំនួសអោយរឿងបរទេស ក៏រំលាយចោលកម្មវិធីចាស់ៗ ផលិតកម្មវិធីប្រកួតប្រជែងថ្មីៗ និងមានគម្រោងទិញសិទ្ធិកម្មវិធីល្អពីបរទេសយកមកផលិតផងដែរ។
លោកគាំ ចន្ធី បានផ្ដល់សម្ភាសន៍ថា ដើម្បីរំលេចវត្តមានរបស់លោកនៅក្នុងទូរទស្សន៍អប្សរា លោកសម្រេចធ្វើពិធីក្រុងពាលីផលិតរឿងភាគលើកដំបូងប្រចាំប៉ុស្ដិ៍នេះ ដោយមានចំណងជើងថា«នាវាជីវិត» ដែលនិយាយពីការតស៊ូរបស់តួអង្គយ៉ាងកម្សត់ក្នុងរឿង រហូតបុគ្គលនោះទទួលបានជោគជ័យ។ លោកថាលោកផលិតរឿងអោយប៉ុស្ដិ៍អប្សរាមិនមែនក្នុងនាមជាដៃគូផលិតរឿងនោះទេ តែក្នុងនាមជាអ្នកចាត់ចែងកម្មវិធីកម្សាន្តដែលត្រូវទទួលខុសត្រូវលើការផលិតរឿងភាគជារបស់ប៉ុស្ដិ៍ខ្លួនឯងសម្រាប់ម៉ោងមាស និងជាអ្នកគ្រប់គ្រងលើការផលិតកម្មវិធីកម្សាន្តទាំងស្រុង។ លោកត្រូវបានអគ្គនាយកទូរទស្សន៍អប្សរាតែងតាំងជំនួសលោកហ្វៃ សំអាង ដែលបានលាឈប់ ដោយលោកប្រកាសថាខ្សែរឿង«នាវាជីវិត»គឺជារឿងបើកឆាក ហើយការរៀបចំបន្តបន្ទាប់គឺការផលិតកម្មវិធីថ្មីដើម្បីចេញផ្សាយនៅមុនចូលឆ្នាំខ្មែរ។ លោកថាទូរទស្សន៍អប្សរានឹងកែទម្រង់ចាស់ៗ ហើយផ្លាស់កម្មវិធីថ្មីរហូតធ្វើអោយមានការទទួលស្គាល់ ដោយសារតែធនធានរបស់ស្ថាប័ននេះក៏ត្រូវលោកប្រមែប្រមូលយកមកជួយ ដើម្បីធ្វើអោយប៉ុស្ដិ៍អប្សរាមានការឈានឡើង។ លោកថាខ្លួននឹងផលិត៣រឿងសម្រាប់មួយឆ្នាំ ហើយក៏គ្រោងចាប់ដៃផលិតរឿងជាមួយផលិតករនៅខាងក្រៅផងដែរ ដើម្បីអោយម៉ោងមាសរបស់ប៉ុស្ដិ៍អប្សរាមានរឿងខ្លួនឯង ហើយជារឿងត្រូវចិត្តមហាជន។ លោកទើបតែទទួលជោគជ័យក្នុងរឿង«កែវភ្នែក»ដែលជារឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍PNN ប៉ុណ្ណោះ ទើបលោកប្រកាសថាខ្សែរឿងដែលលោកផលិតក៏នឹងទទួលបានការចាប់អារម្មណ៍មិនខុសគ្នា នៅលើកញ្ចក់ទូរទស្សន៍អប្សរា។ រឿងនេះប្រកាសចេញថតក្រោយថ្ងៃក្រុងពាលី ដោយលោកបញ្ជាក់ថានៅដើមខែមេសារឿង«នាវាជីវិត» នឹងដាក់ផ្សាយបណ្ដើរៗអបជាមួយកម្មវិធីថ្មីដែលនឹងលេចឡើង។ ក្នុងខ្សែរឿងនោះគេឃើញលោកប្រមូលផ្ដុំដោយតារាល្បីៗជាច្រើនដូចជាកញ្ញាកុល ដាលី កញ្ញាថន ស្រីណៃ លោកព្រហ្ម ប្រសិទ្ធី អ្នកនាងស្វែង សុជាតា កញ្ញាអ៊ឹង និមល និងតារាសម្ដែងជាច្រើនរូបទៀត ទើបលោករំពឹងខ្ពស់ថានឹងទទួលជោគជ័យ៕
https://www.youtube.com/watch?v=KyXy2Acm-Tg&feature=youtu.be
មតិយោបល់