នារដូវកាលនេះ Zlatan Ibrahimovic ជាខ្សែប្រយុទ្ធសំខាន់បំផុតសម្រាប់ក្រុម Manchester United ប៉ុន្តែទៅថ្ងៃមុខទៅ ក្រុមបិសាចក្រហមមួយនេះនឹងមានកីឡាករល្អម្នាក់ទៀតគឺ Marcus Rashford។
និយាយត្រឹមរដូវកាលនេះ វត្តមានរបស់ Zlatan បានជួយក្រុមបិសាចក្រហមច្រើនមែនទែន ទាំងលេងនៅលីគអង់គ្លេសនិងពានរង្វាន់ក្នុងតំបន់ផងដែរ។ ដូច្នេះហើយទើបបានជាអ្នកគាំទ្រជាច្រើនមើលឃើញថាខ្សែប្រយុទ្ធរូបនេះជាតួអង្គសំខាន់ក្នុងទម្រង់លេងរបស់លោក Jose Mourinho ។

យ៉ាងណាមិញ បើសំឡឹងទៅមើលអនាគតវិញ Man Utd នៅមានតួអង្គសំខាន់មួយទៀតដែលកំពុងតែរះបន្តិចម្ដងៗ គឺ Marcus Rashford ។ កីឡាករវ័យ១៩ឆ្នាំរូបនេះ មានទម្រង់លេងល្អខ្លាំងណាស់ មានឆន្ទៈ និងភាពស្វាហាប់របស់គេក្នុងការចង់ស្វែងរកគ្រាប់បាល់ឱ្យក្រុម។ មានវ័យត្រឹមតែប៉ុណ្ណឹង រូបគេបានចូលលេងក្នុងក្រុមរបស់លោក Jose បានជារើយៗទៅហើយ ខណៈដែលពេលខ្លះក៏ទទួលបានការសរសើរផងដែរ។
នេះជាសញ្ញាបញ្ជាក់បានថានៅពេលត្រឹមតែ២ទៅ៣ឆ្នាំទៀតប៉ុណ្ណោះ បទពិសោធន៍របស់ Rashford នឹងមានគ្រប់គ្រាន់ហើយតំណែងជម្រើស១១នាក់ដំបូងវិញ ក៏ប្រហែលជារូបគេអ្នកកាន់កាប់ហើយ។ ត្បិតអីបច្ចុប្បន្ន ក្នុងក្រុមមិនអាចខ្វះរូបគេបាននោះទេ ក្នុងការផ្លាស់ប្ដូរចូលលេងនៅពេលណាដែល Zlatan ឬអ្នកដទៃក្នុងតំបន់ប្រយុទ្ធមានរបួស។
Rashford ជាតារាសំណាងរបស់ក្រុម Man Utd ដោយឱ្យតែចូលលេងលើកដំបូងក្នុងពានណា តែងតែរកគ្រាប់បាល់បានជានិច្ច ហើយក៏ធ្លាប់ជួយបិសាចក្រហមរកបានពិន្ទុមិនតិចនោះដែរក្នុងពានរង្វាន់ផ្សេងៗតាំងពីលោក Van Gaal នៅដឹកនាំម្ល៉េះ៕

មតិយោបល់