ព័ត៌មានសិល្បៈ និងកម្សាន្ត

អេឡិច ចន្ត្រា ថាគេលាបពណ៌អោយលោកឈ្លោះគ្នាជាមួយយ៉ែម សំអូន

ខណ:ដែលមានព័ត៌មានរសើបកាន់តែរីកធំឡើងថាលោកអេឡិច ចន្ត្រា បានហាមតារាចម្រៀងរបស់ក្រុមខ្លួនមិនឲ្យចូលច្រៀងក្នុងក្រុមរបស់លោក យ៉ែម សំអូន រហូតបណ្ដាលឲ្យតារាក្នុងក្រុមរបស់លោកយ៉ែម សំអូន មួយរូបចេញមុខវាយប្រហារ តារារូបនេះបានអះអាងថានោះគឺជាការលាបពណ៌ ដែលលោកមិនអាចទទួលបាន។

លោកថាខ្លួនមិនបានបង្កផលប៉ះពាល់ណាមួយពាក់ព័ន្ធនឹងលោកយ៉ែម សំអូន នោះទេ ក្នុងពេលដែលពាក្យហាមប្រាមណាមួយជុំវិញឃាត់តារាចម្រៀងមិនឲ្យឆ្លងក្រុមទៅលោកយ៉ែម សំអូន គឺរឹតតែគ្មាន។
លោកនិយាយថាបើទោះជាលោក និងលោកយ៉ែម សំអូន មានអាជីវកម្មដូចគ្នាក្នុងការរៀបចំពិធីការ និងទទួលរៀបចំក្រុមតារាចម្រៀង ប៉ុន្តែលោកថាខ្លួនមិនដែលមានគំនិតទៅកាច់កុងណាមួយជាមួយតារាសិល្ប:ដូចគ្នានោះដែរ។

លោកចាត់ទុកថាការសរសេរថាលោកឈ្លោះគ្នាជាមួយលោកយ៉ែម សំអូន រហូតឈានដល់តម្រូវឲ្យតារាចម្រៀងរួមក្រុមត្រូវតែកុំច្រៀងឲ្យក្រុមលោកយ៉ែម សំអូន គឺជារឿងលាបពណ៌។ លោកនិយាយថា«ខ្ញុំធ្វើចឹងដើម្បីអី បើតារាសិល្ប:សុទ្ធតែច្រៀងទៅៗមកឲ្យគ្រប់តែក្រុមហ្នឹង តែខ្ញុំគិតថាអ្នកនិយាយហ្នឹងគឺចង់ឲ្យខ្ញុំ និងលោកយ៉ែម សំអូន ឈ្លោះគ្នា!»។

លោកថាខ្លួន និងលោកយ៉ែម សំអូន មិនដែលមានរឿងជាមួយគ្នានាពេលកន្លងមកទេ បើទោះជាពេលកន្លងមកមានការចោទថាលោកគ្រោងចាប់ដៃជាមួយអ្នកនាងយាន លីនដា ធ្វើឲ្យលោកយ៉ែម សំអូន អន់ចិត្តនោះក្ដី។

លោកថាខ្លួនមានក្រុមពិធីការឈ្នោះAlex Entertainment Agency ដោយក្រុមចម្រៀងរបស់លោកគឺអាចនិយាយបានថាមិនមានតារាចម្រៀងរូបណាមិនធ្លាប់ច្រៀងឲ្យក្រុមរបស់លោកយ៉ែម សំអូន ឬក្រុមផ្សេងនោះឡើយ។

លោកថាមិនមានគោលការណ៍ណាមួយដែលក្រុមចម្រៀងមួយត្រូវធ្វើបែបនោះកើតទេ ក្នុងពេលដែលតារាចម្រៀងដែលលោកដាក់បញ្ចូលជាក្រុមរបស់ខ្លួន ក៏សុទ្ធតែជាតារាសម្ដែង និងជាតារាចម្រៀងល្បីឈ្មោះ ដែលត្រូវទទួលការងារដោយឯករាជ្យផ្អែកតាមក្រុមណាមួយទាក់ទង ហើយត្រូវចំពេលទំនេររបស់ខ្លួន។ លោកសម្ដែងការសោកស្ដាយ ដែលមានព័ត៌មានបំប៉ោងធ្វើឲ្យលោក និងលោកយ៉ែម សំអូន មើលមុខគ្នាលែងចំ ជាពិសេសបន្ទាប់ពីមានតារាក្នុងក្រុមរបស់លោកយ៉ែម សំអូន មួយចំនួនមិនបានសួរនាំយកសម្ដីរបស់លោកដោយផ្ទាល់ បែរជាជឿជាក់តាម។

លោកអេឡិច ចន្ត្រា ត្រូវបានគេស្គាល់យូរមកហើយថាជាតារាតបមិនហូបសាច់នៅរៀងរាល់ថ្ងៃសីល ដោយពេលកន្លងមកលោកក៏ធ្លាប់ប្រកាសថាខ្លួនមានតំណមមិននិយាយអាក្រក់ពីគេខាងក្រោយខ្នងនោះដែរ។ លោកទទូចសុំឲ្យបណ្ដាអ្នកលាបពណ៌ទាំងឡាយបញ្ចប់ការបំផ្លើសពីខ្លួន ដោយអះអាងថាអ្វីដែលបានសាយភាពគឺជារឿងដែលបង្ខូចឈ្មោះដែលលោកមិនអាចទទួលយកបាន៕

មតិយោបល់