ក្រចេះ: អំពើហិង្សាមួយ បង្កឡើងពីជនមិនស្គាល់មុខ បានលបវាយស្ត្រីចំណាស់ម្នាក់ នឹងដំបងឈើជ្រុង បណ្តាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុឈ្មោះ អ៊ា បគឹមហេង ភេទស្រី អាយុ៥៨ឆ្នាំស្នាក់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងអង្គុយច្រកស្ករនៅលើផ្ទះ ហើយឈ្មោះ វង ណាន ភេទស្រី អាយុ៨៨ឆ្នាំ (ជរា) ត្រូវបងប្អូនជាជីដូនមួយបានដេកជាមួយ នៅផ្ទះឈ្មោះ អ៊ាប គឹមហេង តែដេករានផ្ទះខាងក្រោយ។ ខណៈឈ្មោះ វង ណាន ដេកលក់ ឈ្មោះ អ៊ាប គឹមហេង ស្រែកហៅឈ្មោះ វង ណាន ឲ្យជួយព្រោះត្រូវគេវាយនឹងដំបងចំក្បាលបណ្តាលឲ្យបែក។
ប្រភពបានបន្តថា ពេលនោះ ឈ្មោះ វង ណាន អត់ឮ ព្រោះត្រចៀកថ្លង់ ឈ្មោះ អ៊ាប គឹមហេង ក៏លូនទៅកន្លែង ឈ្មោះ វង ណាន ដេក ហើយ ឈ្មោះ វង ណាន បានចាប់ដៃឈ្មោះ អ៊ាប គឹមហេង មានសភាពត្រជាក់និង ស្ទាបក្បាល មានឈាម ក៏បានស្រែកហៅកូនក្មួយដែលរស់នៅជិតគ្នាឲ្យជួយ និងបញ្ជូន ឈ្មោះ អ៊ាប គឹមហេង (ជនរងគ្រោះ) មកមន្ទីរពេទ្យសំបូរ ដោយស្ថានភាពជនរងគ្រោះមានសភាពធ្ងន់ ក៏ត្រូវបញ្ជូនបន្តទៅមន្ទីរបង្អែកខេត្តក្រចេះតែម្ដង។
បន្ទាប់ពីករណីខាងលើនេះកើតឡើង កម្លាំងនគរបាលជំនាញស្រុកសំបូរ និង កម្លាំងនគរបាលប៉ុស្តិ៍កំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកមុខសញ្ញា ដែលវាយឈ្មោះ អ៊ាប គឹមហេង ឲ្យរងរបួសអត់ដឹងមូលហេតុ ដោយនៅកន្លែងកើតហេតុមាន បន្សល់ឈើបួនជ្រុងលើផ្ទះជនរងគ្រោះមួយកំណាត់ និង នៅកាំជណ្ដើរមួយកំណាត់ផងដែរ៕
មតិយោបល់