ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាថៃជេមជីរ៉ាយុ ប្រកាសផ្សព្វផ្សាយពីកម្ពុជាដល់អ្នកគាំទ្រ

នៅល្ងាចម៉ោង៤ថ្ងៃទី២៥ កុម្ភៈនេះ ការប្រគំតន្ត្រីដ៏ធំរបស់តារាថៃលោកជេមជីរ៉ាយុ នឹងត្រូវធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដោយរំពឹងថានឹងកក្រើកដោយសារតែមានអ្នកគាំទ្ររហូតដល់រាប់រយនាក់បានទិញសំបុត្រចូលទស្សនា។ តារាល្បីរបស់ប្រថៃរូបនេះ បានប្រកាសថាខ្លួននឹងផ្សព្វផ្សាយពីប្រទេសកម្ពុជាអោយបានច្រើនទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅក្នុងប្រទេសថៃ ក្រោយពីលោកបញ្ចប់ការប្រគំតន្ត្រីហើយចាកចេញពីកម្ពុជា។

លោកជេមជីរ៉ាយុ បានថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី២៤ កុម្ភៈ មុនការប្រគំតន្ត្រីកៀកនឹងមកដល់នេះថា លោកសប្បាយចិត្តដែលបានមកដល់កម្ពុជាជាលើកទី២ ហើយការបង្ហាញខ្លួនលើកនេះ គឺមានអ្នកគាំទ្រមិនគួរអោយជឿ។ លោកកាន់តែរំភើបចិត្តបន្ទាប់ពីបានចំណាយពេលជាមួយក្មេងៗជាជនពិការនៅសាលាជនពិការនៅភ្នំពេញថ្មី ហើយឃើញក្មេងៗដែលបាត់បង់កាយសប្បទាទាំងនោះស្រឡាញ់ចូលចិត្តចំពោះលោក។

លោករំពឹងយ៉ាងខ្លាំងថាការប្រគំតន្ត្រីរបស់ខ្លួនទទួលជោគជ័យ ដោយលោកក៏នឹងពាំនាំនូវក្ដីស្រឡាញ់របស់អ្នកគាំទ្រខ្មែរទៅកាន់ប្រជានជន និងទៅកាន់អ្នកគាំទ្រថៃ ក្រោយពីលោកបានទៅដល់ប្រទេសថៃវិញផងដែរ។ លោកថាប្រទេសកម្ពុជាមានចំណុចទាក់ទាញជាច្រើន ដែលលោកនឹងផ្សព្វផ្សាយពីចំណុចល្អៗទាំងនោះដើម្បីបង្កើតការស្រឡាញ់ចំពោះគ្នានឹងគ្នារវាងប្រជាជនកម្ពុជា និងអ្នកគាំទ្រថៃ។

ជាមួយគ្នានោះលោកក៏មានគម្រោងមកកាន់កម្ពុជាជាលក្ខណៈទេសចរណ៍ និងជាលក្ខណៈមកសម្ដែងបែបនេះក្នុងពេលបន្តបន្ទាប់ផងដែរ។ ដោយឡែកសម្រាប់ការសម្ដែងយប់នេះ លោកថានឹងមានបទចម្រៀង និងការសម្ដែងមិនអោយអ្នកគាំទ្រខកចិត្តនោះទេ ជាថ្នូរនឹងទឹកចិត្តដែលខំទិញសំបុត្រចូលទស្សនាការសម្ដែងរបស់លោកនៅកោះពេជ្រ ដែលត្រូវបានអ្នកលក់សំបុត្របញ្ជាក់ប្រាប់លោកមានអ្នកទិញអស់ដល់រាប់រយនាក់ទៅហើយ។
យោងតាមការប្រកាសសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់លោកមានតម្លៃពី១០ដុល្លារដល់៣០ដុល្លារ និងតម្លៃពី៧ដុល្លារដល់២០ដុល្លារសម្រាប់អ្នកមានប័ណ្ណសមាជិកជាមួយPNN ។ ដោយសំបុត្រទស្សនាត្រូវបានប្រកាសថានឹងដាក់លក់នៅមុខសាលមហោស្រពកោះពេជ្រមុនការប្រគំតន្ត្រីនាល្ងាចនេះរហូតដល់អស់៕

មតិយោបល់