ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើករថយន្ដម៉ាកហាយឡែនឌ័រ មួយគ្រឿង គេចពីម៉ូតូមួយគ្រឿង ដែលបើកឆ្លងផ្លូវកាត់ពីមុខ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតបន្តិចបន្តួច តែរថយន្ដដាច់កាឡេខាងមុខទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង១ និង១៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបផ្សារអូរឫស្សី តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-5872 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវកាត់ពីមុខរថយន្ដយ៉ាងលឿន ពេលនោះម្ចាស់រថយន្ដក៏ទាញចង្កូតគេចព្រោះខ្លាចបុកម៉ូតូ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតបន្តិចបន្តួច។ ចំណែករថយន្ដអូសទៅមុខប្រហែល១០០ម៉ែត្រ ដាច់កាឡេទៅមុខលែងរួច។
ប្រភពបានបន្តថា ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្ដបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់