ភ្នំពេញ: កាលពីថ្ងៃទី១០ ឧសភា តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មថោនបានរៀបការយ៉ាងអធឹកអធម នៅខេត្តបន្ទាយមានជ័យ ជាមួយកូនស្រីរបស់គ្រួសារមួយដែលមានជីវភាពធូរធារ។ ជាមួយនឹងគម្រោងអនាគតបន្ទាប់ពីរៀបការ មានការអះអាងថាលោក នឹងអាចមានជំនួញពីរនាក់ភរិយាដោយមិនពឹងតែលើ អាជីពសិល្បៈតែមួយមុខនោះផង។
យ៉ាងណាមិញ មានការបញ្ជាក់ថា លោកមិនបោះបង់ការងារសិល្បៈនោះទេ បើទោះជាលោកក្លាយជាកូនប្រសារអ្នករកស៊ីធំដុំ នៅខេត្តបន្ទាយមានជ័យតាមរយៈអាពាហ៍ពិពាហ៍នោះក៏ដោយ។ តារាមួយរូបដែលស្និទ្ធនឹងកែវ វាសនា បានអះអាងថា វាសនា ដ្បិតថាមិនបានបើកចំហរពីគម្រោងអាពាហ៍របស់ខ្លួនឲ្យគេបានដឹងមុនពេលរៀបការ ប៉ុន្តែលោកមិនបានលាក់លៀមដំណឹងរៀបការនោះទេ គឺគ្រាន់តែលោកមិនបានបង្ហោះបង្អួតជាមុន និងមិនបានប្រកាសប្រាប់គេ នៅពេលមិនមានអ្នកសួរនាំប៉ុណ្ណោះ។
ពិធីមង្គលការរបស់លោក ត្រូវគេឃើញមានភាពអ៊ូរអររហូតដល់ជិតពាក់កណ្ដាលអាធ្រាត ដោយមានបងប្អូនសាច់ញាតិរាំរែកយ៉ាងច្រើនកុះករ និងមានការចូលរួមពីសំណាក់មិត្តភ័ក្រ្តជាច្រើនរូបនៅក្នុងផលិតកម្មសាន់ដេ។ ប្រភពដែលបានទម្លាយចេញ បញ្ជាក់ថាលោកឪពុកម្ដាយរបស់ កែវ វាសនា បានគ្រោងបោះទុនឲ្យគេ និងភរិយាបើកជំនួញណាមួយតាមអ្វីដែលអ្នកទាំងពីរពេញចិត្ត ប៉ុន្តែមិនទាន់ដឹងថាជាជំនួញអ្វីនៅឡើយទេ ដោយសារតែលោក និងភរិយា ក៏ចង់ទំនេរខ្លួនដើម្បីគិតគូរពីមុខជំនួញដែលចង់ដំណើរការឲ្យច្បាស់លាស់សិន។
ពាក់ព័ន្ធនឹងអាជីពសិល្បៈ លោក កែវ វាសនា ខ្លួនឯងធ្លាប់អះអាងជាយូរមកហើយថាបើទោះជាលោកមានភរិយាយ៉ាងណាក៏ដោយ ក៏លោកនឹងមិនរយាលពីការងារថតច្រៀងនោះឡើយ។ លើកលែងតែលោកត្រូវបានមហាជន និងផលិតកម្មថោន ឈប់លើកស្ទួយប៉ុណ្ណោះ។ មានការកត់សម្គាល់ថា ខ្សែជីវិតរបស់តារាចម្រៀងរូបនេះមានកោះត្រើយហើយ ដោយសារតែមុននេះទើបតែបានផ្លាស់មកច្រៀងនៅក្នុងផលិតកម្មថោន ក្រោយបញ្ចប់កុងត្រាផលិតកម្មសាន់ដេ ហើយក៏មានដំណឹងរៀបការ និងមានការប្រកាសថាឪពុកម្ដាយក្មេក បានរៀបចំកញ្ចប់ប្រាក់ឲ្យបើកជំនួញផ្ទាល់ខ្លួនទៅទៀត ដើម្បីលើកមុខលើកមាត់របស់លោក និងឲ្យលោកពីរនាក់ភរិយាមានលំនឹងក្នុងជីវិត៕
មតិយោបល់