ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡើងតំណែងជំទាវភ្លាម តារាសម្ដែងឈឹម អារីយ៉ា ប្រកាសភ្លែត

គ្មានអ្នកណាមិនសរសើរនោះទេ នឹងសំណាងរបស់តារាសម្ដែង កញ្ញា ឈឹម អារីយ៉ា ដែលមានវាសនាបានស្វាមីជាមន្ត្រីផ្កាយ២ប្រចាំនៅក្រសួងមហាផ្ទៃ។ តំណែងរបស់នាងត្រូវបានស្ដែងឡើង តាមរយ:មង្គលការជាមួយមន្ត្រីផ្កាយ២ប្រចាំក្រសួងមហាផ្ទៃ ដែលត្រូវគេអះអាងនឹងឡើងផ្កាយ៣ឆាប់ៗ កាលពីថ្ងៃទី៤ ឩសភា ក្នុងភោជនីយដ្ឋានទន្លេបាសាក់។

កញ្ញា ឈឹម អារីយ៉ា ដែលបានក្លាយជាជំទាវវ័យក្មេង បានថ្លែងបញ្ជាក់ថា ស្វាមីរបស់នាងគឺជាអគ្គនាយករងនៅក្នុងនាយកដ្ឋានមួយប្រចាំក្រសួងមហាផ្ទៃ ដោយក្រោយមង្គលការដែលទើបបញ្ចប់ក្ដៅៗនេះ រូបនាងនឹងផ្អាកទទួលការងារសម្ដែង ដោយនៅទទួលតែការងារមួយចំនួន ដែលនាងកុងត្រា ហើយថតមិនទាន់ចប់ប៉ុណ្ណោះ។ នាងថាពន្លកស្នេហ៍ជាមួយបុរសពោះម៉ាយផ្កាយ២ជាស្វាមី បានកើតមានឡើងរង្វង់មួយឆ្នាំចុងក្រោយ ហើយដោយលោកហ៑ានស្ដីដណ្ដឹងរូបនាងតាមផ្លូវប្រពៃណីផង ទើបនាងកាន់តែមានភាពកក់ក្ដៅ និងស្រលាញ់ពេញចិត្ត។ នាងប្រកាសបោះបង់សិល្ប:ទាំងអាល័យ ដើម្បីទៅជួយមើលមុខជំនួញលក់ឡាន និងបើកហាងបញ្ចាំរបស់ស្វាមី តែបើពេលវេលាអំណោយផល រូបនាងក៍ត្រលប់មកសម្ដែងកុំឲ្យមហាជនបាត់មុខម្ដងម្កាលនៅពេលបន្ទាប់នោះដែរ។ យ៉ាងណាមិញនាងថា សម្រាប់ការអញ្ជើញរបស់តារាសិល្ប:ក្នុងកម្មវិធីជួបជុំ ឬក្នុងកម្មវិធីសប្បុរសធម៌ជាដើម ឲ្យតែមានការអញ្ជើញ គឺនាងនឹងចំណាយពេលចូលរួម។

ឈឹម អារីយ៉ា បន្តថានាងមិនដែលនឹកស្មានថាខ្លួនមានសំណាងបានក្លាយជាជំទាវស្របច្បាប់តាមរយ:មង្គលការដែលបានកើតឡើងនេះទេ តែនាងក៏នឹងរៀបចំខ្លួនមិនឲ្យមានការរិះគន់ថា នាងក្រោយមានឋាន: និងក្លាយជាជំទាវ ក៏លែងរឹកពារនោះ។ នាង និងស្វាមីគម្រោងដើរកម្សាន្ត១០ប្រទេសនៅតំបន់អឺរ៉ុប នៅអំឡុង២ខែក្រោយ តែសម្រាប់ពេលនេះ គឺអត់មានពេលចេញទៅលម្ហែកាយដើម្បីទៅក្រេបទឹកឃ្មុំនោះទេ ដោយសារតែនាងក៏ត្រូវថតបញ្ចប់ភាពយន្តដែលជាប់កុងត្រា ហើយចំណែកស្វាមីរបស់នាង ក៏រវល់នឹងការងារនៅក្នុងស្រុក។ ក្នុងពិធីមង្គលការរបស់នាង ក្រៅពីភ្ញៀវកិត្តិយសដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃ ក៏មានវត្តមានផលិតករ និងតារាសិល្ប:ជាច្រើនចូលរួមផងដែរ៕

មតិយោបល់