សៀមរាប: កាលពីល្ងាចថ្ងៃទី១០ ឧសភា បវរកញ្ញា Miss Global លេខ៤ មកពីប្រទេសប៊ុលហ្គារី គឺកញ្ញា Gergana Doncheva Dancheva បានមកដល់ទឹកដីសៀមរាបហើយ បន្ទាប់ពីនាងខកខានមិនបានមកចួលរួមក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌នៅទីក្រុងភ្នំពេញ។
នាង និង Miss Global ៣រូបផ្សេងទៀត នឹងដើរទស្សនកិច្ចប្រាសាទអង្គរជុំគ្នាជាថ្មីម្ដងទៀត បើទោះជាកញ្ញាឯក៣រូប ដែលបានមកដល់កម្ពុជាច្រើនថ្ងៃមកហើយ បានទៅដល់ប្រាសាទអង្គរ និងបានជិះដំរីរួចម្ដងហើយ។ យ៉ាងណាមិញ ដំណើរសំខាន់របស់ពួកនាងថ្ងៃទី១១ ឧសភា នេះ គឺចុះសួរសុខទុក្ខកុមារកំព្រា នៅក្នុងមណ្ឌលមួយ និងចុះទៅជួបដោយផ្ទាល់ជាមួយនឹងនាយកមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការគួរសមពេលជម្រាបលា។
លោក សុះ ម៉ាច បញ្ជាក់ថា ពេញមួយថ្ងៃទី១០ ឧសភា Miss Global ៣រូប បានដើរកម្សាន្តនៅតាមប្រាសាទ និងបានមើលទិដ្ឋភាពស្ទើរសព្វកន្លែងនៅខេត្តសៀមរាបអស់ហើយ ដោយមានមន្ត្រីជាន់ខ្ពស់មកពីអាជ្ញាធរអប្សរាជាអ្នកស្វាគមន៍។ ប៉ុន្តែដោយសារតែMiss Global លេខ៤ទើបតែមកដល់ពេលល្ងាច ហើយមិនទាន់បានឃើញប្រាសាទអង្គរបស់កម្ពុជាទើបសម្រេចនឹងដឹកនាំទៅម្ដងទៀត ហើយបង្ហួសទៅដល់មណ្ឌលកុមារកំព្រាក្នុងខេត្តសៀមរាប និងបញ្ចប់ដំណើរទស្សនកិច្ចរបស់ពួកនឹងត្រឹមកិច្ចសំណេះសំណាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរតែម្ដង។
លោកថាកញ្ញាទាំង៤ នឹងចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១២ ឧសភា ទើបបេសកកម្មរបស់ពួកនាងសម្រាប់ថ្ងៃទី១១ ឧសភានេះ អាចនឹងត្រូវដើរច្រើនជាពិសេសគឺគម្រោងចុះសួរសុខទុក្ខក្រុមក្មេងកំព្រា មួយកន្លែងនៅខេត្តសៀមរាបនោះ។ លោកថានៅលើទឹកដីខេត្តសៀមរាបមានការទទួលស្វាគមន៍ចំពោះកញ្ញាទាំង៤ និងគណប្រតិភូយ៉ាងកក់ក្ដៅបំផុត ជាពិសេសពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីអាជ្ញាធរអប្សរាតែម្ដង៕
មតិយោបល់