ព័ត៌មានសិល្បៈ និងកម្សាន្ត

មន្ត្រីក្រសួងធំ២ បើកវេទិកាសួរឆ្លើយ យ៉ាងកម្រដល់តារាសិល្បៈ

ជំនួបទ្រង់ទ្រាយធំរបស់គ្រួសារតារាកម្ពុជាកាលពីរសៀលថ្ងៃទី១ មីនា ម្សិលមិញ គេកត់សម្គាល់ថាមន្ត្រីជាន់ខ្ពស់២រូប មកពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានចំណាយពេលរហូតដល់ជាង៣ម៉ោង បង្ហាញចំណាប់អារម្មណ៍ និងអង្គុយឆ្លើយសំណួររបស់តារាសិល្ប:។ ថ្នាក់ដឹកនាំទាំងពីរមិនត្រឹមតែបើកបទបង្ហាញដែលមានប្រយោជន៍ដល់តារាសិល្ប:គ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំភ្លឺនូវការចោទសួរជាច្រើនធ្វើឲ្យតារាៗក្នុងអង្គពិធីភ្លឺភ្នែកផងដែរ។

វេទិកាដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកតាំងពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចនោះ គឺជាវេទិកាសួរឆ្លើយរវាងតារាសិល្ប: ផលិតករ និងថ្នាក់ដឹកនាំពាក់ព័ន្ធយ៉ាងកម្រ ដែលមានសមាជិកចូលរួមរហូតដល់ជិត១០០នាក់មកGroup «គ្រួសារតារាកម្ពុជា»។ ពិធីនេះមានគោលបំណងថ្លែងអំណរគុណដល់អ្នកស្រីអែនជីលីណាជូលី ដែលបានផលិតរឿងហូលីវូដនៅកម្ពុជាធ្វើឲ្យតារាខ្មែរមានឱកាសបានសម្ដែងរឿងជាលក្ខណ:អន្តរជាតិហូលីវូដ ហើយក៏បានភ្ជាប់វេទិកាសួរឆ្លើយដើម្បីបំភ្លឺ និងផ្ដល់ដំណោះស្រាយដល់តារាសិល្ប:។

តារាសិល្ប:ដែលបានបង្ហាញខ្លួនត្រូវគេឃើញសុទ្ធសឹងតែជាតារាសិល្ប: និងផលិតករល្បីដូចជាលោកសុះ ម៉ាច លោកកុយ ស៊ីឌឿន អ្នកនាងខាត់ សុឃីម អ្នកស្រីថុង ស៊ីវទៀង នាយវ៉ាងអង កញ្ញានីតា វរវង្ស កញ្ញាស្រីពៅមុខឈើ កញ្ញាអូនពេជ្រ លោកឃីម រតន: ក្រុមកញ្ញាយ៉េយ៉េ ក្រុមសៀកលោកសូឡូ លោកនាង វ៉ាងសាន់ អ្នកនាង មាស សុវណ្ណរតនា អ្នកនាងប៊ុន ចាន់និមល អ្នកនាងលី ម៉ារីណា កញ្ញាទឹម រដ្ឋា អ្នកនាងស៊ុន ណារីម៉ូនីកា កញ្ញាមាស សម្ផស្ស លោកលាង ឧត្តម អ្នកនាងអ៊ីត កញ្ញាតូច ស្រីពេជ្រ វីជេអាលីយ៉ា លោកម៉េង ប៊ុនលី លោកមាស សុខរតន: អ្នកនាងម៉ី ហ្សិនយ៉ា លោកយន សុភ័ក្រ ឌីជេកណ្ដុរ កញ្ញាឌី សូនីតា កញ្ញា សុខ ស្រីម៉ុច លោកម៉ែន បម្រុងរ័ត្ន កញ្ញា លី ឌីណា កញ្ញា វ៉ាន់ លីលី លោក សឹុម សុីណាត លោកហួរ សុផល អ្នកនាងឈឹម ស្រីអូន និងតារាល្បីៗជាច្រើនរូបទៀត។ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកថៃ នរ:សត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គឺជាវាគ្មិនដ៏សំខាន់ ដែលបានចោទឆ្លើយ និងផ្ដល់អនុសាស្រ្តសំបូរបែបធ្វើឲ្យតារាសិល្ប:ស្រឡះចិត្តជុំវិញក្ដីកង្វល់ និងការប្រឈមដែលតារាសិល្ប:បានជួបប្រទះ។ ឆ្លើយតបនឹងសំនួររបស់លោកនាយវ៉ាងអង ដែលសួរថាតើលោកគួរទទួលបានសេរីភាពនិយាយត្រាប់តាមសំឡេងជនជាតិវៀតណាម ឬទេ លោកថៃ នរ:សត្យា បានស្នើឲ្យលោកដូរស្ទីលដោយអះអាងថា តារាសិល្ប: មិនគួរប្រកាន់ទម្លាប់ដែលមានការរិះគន់ពីសំណាក់មហាជនបានទេ បើទោះជាប្រតិកម្មនោះ គ្រាន់តែជាចំណែកតូច។ លោកម៉ៅ អាយុទ្ធ បានរិះគន់ផងដែរចំពោះតារាដែលខ្វះសមត្ថភាព និងមិនគោរពពេលវេលាដែលតែងស្រែកថាមិនមានទីផ្សារ ប៉ុន្តែលោកក៏ស្នើឲ្យបញ្ចប់ការយកតួដោយផ្អែកតែលើសម្រស់ និងយកតែដដែលៗធ្វើឲ្យតម្លៃភាពយន្តខ្មែរមានការរិះគន់នោះដែរ។ លោកក៏បានយល់ស្របចំពោះការសំណូមពររបស់តារាសិល្ប:ជាច្រើន ដែលសុំឲ្យដោះស្រាយរឿងតារាចាស់ៗត្រូវគេបំភ្លេចចោល និងរឿងការប្រឈមរបស់ផលិតករ ក៏ដូចជាការប្រឈមជាច្រើនទៀត ដើម្បីឲ្យវិស័យសិល្ប:មានការរីកចម្រើនស្របគ្នាដែលវិស័យភាពយន្តកម្ពុជាមានការចាប់អារម្មណ៍ច្រើនឡើងពីផលិតករហូលីវូដក្រោយវត្តមានផលិតរឿងរបស់អ្នកនាងអែនជីលីណាជូលី។
ខាងក្រោមនេះ ជាទិដ្ឋភាពតារាសិល្ប:ដែលបានបង្ហាញខ្លួនក្នុងវេទិកាសន្និសីទកាសែតនាថ្ងៃនោះ៖

មតិយោបល់