ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន បន្ទាប់ពីត្រួតពិនិត្យនិងឆែកឆេរ រកឃើញមានថ្នាំញៀន រួមនិងឧបករណ៍ពាក់ពន្ធ័នឹងបទល្មើសមួយចំនួនធំ។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមាត់ស្ទឹង ភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួនបានទី១ឈ្មោះ វឿន ធំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករទឹកស្អាត ស្នាក់នៅភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល និងជនសង្ស័យទី២ឈ្មោះ រ៉ុម ណុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករកើបខ្សាច់ ស្នាក់នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់មធ្យម និងឧបករណ៍ប្រើប្រាស់ថង់ច្រកថ្នាំមួយចំនួន។

មុននឹងឈានដល់ការបង្ក្រាបខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាកំពុងជួញដូរសារធាតុញៀន នៅចំណុចខាងលើ ទើបកម្លាំងជំនាញដឹកនាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនបានទាំង២នាក់ រួមនិងវត្ថុតាងតែម្តង

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយថា ចំពោះថ្នាំញៀនខ្លួនទិញពីឈ្មោះសេត ស្រីពៅ ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិយស់មេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល និងឈ្មោះ លីម ឡាង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ និងជាអ្នកផ្ដល់ទីតាំងលក់ប្រើប្រាស់។

ដោយមានបទបញ្ជាពីលោក ស្នងការ ស្នងការរងទទួលផែន និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ចូលរួមក្រុមប្រឹក្សាឃុំភូមិ និងម្ដាយជនសង្ស័យ ឆែកឆេររកឃើញឧបករណ៍ប្រើប្រាស់និងថង់ច្រក់ថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់