គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងខ្សែរឿង«ទឹកចិត្តម្ដាយសម័យថ្មី!»ដែលបានបើកសម្ពោធ និងបញ្ចាំងជាសាធារណៈកាលពីយប់ថ្ងៃទី១ មិនា អោយភ្ញៀវបានទស្សនា។ ក្រៅពីបង្កប់នូវឈុតឆាកកម្សត់ហូរទឹកភ្នែកពីដើមដល់ចប់ ខ្សែរឿងមួយនេះក៏មានឈុតឆាកស្នេហារោលរាលរវាងតួអង្គប្រុសស្រី២រូប ដែលសម្ដែងដោយកញ្ញាឌុច លីដា និងលោកអែតវីន យ៉ាងទាក់ភ្នែកផងដែរ។
អ្នកស្រីពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងបានអះអាងថាឈុតឆាកស្នេហារោលរាលដែលបានបង្ហាញនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពភ្លើតភ្លើនរបស់យុវវ័យ២រូប ដែលបានស្រឡាញ់ និងយកតណ្ហាជាធំ ដោយមិនស្ដាប់បង្គាប់ឪពុកម្ដាយ។ អ្នកស្រីថាឈុតបឺតម៉ាត់ និងអោបរឹតគ្នាយ៉ាងរោលរាលរវាងតារារវាងឌុច លីដា និងលោកអែតវីន នោះមិនហួសហេតុទេ ដោយសារតែបរិបទជាក់ស្ដែងគឺសង្គមបច្ចុប្បន្នកំពុងកើតឡើង ហើយផលិតកម្មក៏បានសុំសិទ្ធិរួចរាល់។ ម្យ៉ាងមកពីអ្នកស្រីចង់ផ្ញើសារទៅអោយយុវវ័យកុំអោយប្រព្រឹត្តិរឿងដ៏ខុសឆ្គងនោះផង ទើបអ្នកស្រីយល់ថាឈុតឆាករោលរាលដែលបានបង្ហាញគឺជាអ្វីដែលនឹងធ្វើអោយអ្នកទស្សនាជាយុវវ័យដឹងថាអ្វីជាផលពិបាកនៅពីក្រោយការសម្រេចចិត្តនោះ។ អ្នកស្រីរំពឹងយ៉ាងខ្លាំងថារឿង«ទឹកចិត្តម្ដាយសម័យថ្មី» នឹងកន្ទ្រាក់ការចាប់អារម្មណ៍ចាប់ពីក្រោយប្រកាសដាក់បញ្ចំាងគ្រប់រោងពីថ្ងៃទី១ មិនា នេះ ដោយសារសម្អាងថាជារឿងដែលគុណសម្បត្តិច្រើនយ៉ាង ជាពិសេសគឺការឆ្លុះបញ្ចាំងនូវសម្ពាធរបស់ម្ដាយ៣រូប ដោយសារតែកូនប្រុសស្រីមិនស្ដាប់បង្គាប់។ អ្នកស្រីថារឿងនេះចំណាយទុនអស់ច្រើន ហើយវត្តមានរបស់អ្នកនាងអម្ពរ ទេវី ដែលជិះយន្តហោះតាំងពីអាមេរិកគឺជាអ្វីដែលអ្នកស្រីរំពឹងខ្ពស់ជាងគេក្នុងការកន្ទ្រាក់ចំពោះការចាប់អារម្មណ៍ខ្ពស់ជាងគេ។ ក្នុងនោះអ្នកស្រីក៏មានគម្រោងផលិតរឿងភាគ និងរឿងដុំជាច្រើនទៀតអោយផលិតកម្មថោន ដើម្បីរំលេចស្នាដៃជាបន្តបន្ទាប់អោយមហាជនបានឃើញផងដែរ ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ។
នៅក្នុងពិធីនបើកសម្ពោធនាល្ងាចនោះ គេឃើញតារាចម្រៀង និងផលិតកររបស់ផលិតកម្មថោនបង្ហាញខ្លួនយ៉ាងច្រើនកុះករ។ ក្នុងនោះ តារាសម្ដែង ពិធីករពិធីការិនី និងតារាកំប្លែងល្បីឈ្មោះច្រើនរូបក៏បានបង្ហាញខ្លួនចូលរួមសម្ពោធអបអរផងដែរ។
មតិយោបល់