ព័ត៌មានសិល្បៈ និងកម្សាន្ត

បទRemix អាសអាភាស ត្រូវគេចាក់តាមក្លិបរាត្រី យ៉ាងអាណាធិបតេយ្យ

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក គឺមានឌីជេមួយក្រុមបានផលិតបទRemix ដោយប្រើពាក្យអាសអាភាសក្នុងបទចម្រៀង ដោយបទទាំងនោះត្រូវគេអះអាងថាបានចាក់យ៉ាងអាណាធិបេតេយ្យនៅតាមក្លិបរាត្រីនៅក្នុងប្រទេសកម្ពុជា។ បទចម្រៀងទាំងនោះទើបត្រូវនឹងបានបែកធ្លាយ ក្រោយមានគេបង្ហោះនៅក្នុង Youtube ហើយមានការរិះគន់យ៉ាងពេញបន្ទុកក្នុងប៉ុន្មានថ្ងៃនេះ។ យ៉ាងណាមិញ មន្ត្រីក្រសួងវប្បធម៌បានទទូចអោយស្វែងរកម្ចាស់បទចម្រៀង និងក្លិបដែលបានចាក់បទទាំងនោះជាសាធារណៈព្រោះនាំអោយសង្គមអាប់អោន។

បទចម្រៀងទាំងនោះត្រូវគេឃើញអ្នកលេងហ្វេសប៊ុកធ្វើការរិះគន់ ដោយអ្នករិះគន់ទាំងនោះបានផ្ដោតការរិះគន់ដល់ក្រសួងវប្បធម៌ផងដែរ ដែលបណ្ដោយអោយមានបទចម្រៀង Remix ហើយមានខ្លឹមសារមិនគួរនឹងឮនោះ ត្រូវគេចាក់ក្នុងក្លិប។ បទទាំងនោះត្រូវគេបង្ហោះចែកចាយ ដោយអះអាងថាជាបទដែលក្រុម DJ ផលិតឡើង ដើម្បីចាក់បន្លឺក្នុងក្លិបរាត្រី ក្នុងបំណងកន្ទ្រាក់អារម្មណ៍ភ្ញៀវដែលចូលរាំរែក។ ខ្លឹមសារបទចម្រៀងដែលគេបង្ហោះឡើងនោះ គឺបញ្ចូលសព្វទាំងអស់នូវពាក្យអាសអាភាស ដែលនាំអោយប៉ះពាល់ដល់តម្លៃសិល្បៈ និងតម្លៃសីលធម៌សង្គម។ អ្នករិះគន់ម្នាក់បានអះអាងថា តើរាល់បទចម្រៀងទាំងនោះ ក្រសួងវប្បធម៌មានត្រួតពិនិត្យមុនចេញផ្សាយទេ ហើយការបណ្ដោយអោយបទទាំងនោះចាក់បន្លឺតាមក្លិបរាត្រី តើគួរនឹងមានវិធានការយ៉ាងណា? អ្នករិះគន់ដដែលបន្តថា មិនមានតម្លៃនោះទេ នៅពេលបទចម្រៀងមួយចំនួនមានគេស្ដាប់ឡើងផ្អើលរួចហើយ ដោយជះឥទ្ធិពលអាក្រក់អស់ទៅហើយ ទើបក្រសួងប្រកាសបិទ។

លោកគង់ សុធារិទ្ធិ តារាចម្រៀង និងជាមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថារាល់ចេញបទចម្រៀងក្រសួងមិនបានបិទសិទ្ធិអោយយកទៅឆ្លងជាមុន ទើបសម្រេចអោយចេញនោះទេ ដោយសារតែក្រសួងចង់លើកទឹកចិត្ត និងបើកទូលាយអោយមានស្នាដៃថ្មីៗ ដោយគ្មានសម្ពាធ។ ប៉ុន្តែក្រសួងបានតម្រូវអោយអ្នកនិពន្ធទាំងនោះគោរពក្រមសីលធម៌ និងមិននិពន្ធប្រភេទបទទាំងឡាយណាអោយរងផលប៉ះពាល់។ លោកថាក្រសួងចង់ចេញច្បាប់អោយឆ្លងជាមុន ប៉ុន្តែលោកថាអ្នកនិពន្ធទាំងនោះមិនដែលយកបទរបស់ខ្លួនជាមុនមកឆ្លងនោះទេ ហើយដោយសារតែនៅកម្ពុជាមិនមានទោសទណ្ឌចំពោះអ្នកនិពន្ធដែលនិពន្ធស្នាដៃបង្កអោយមានផលប៉ះពាល់ក្រោយពេលចេញផ្សាយនោះផង ទើបអ្នកនិពន្ធទាំងនោះមិនអើពើខ្លាចក្រសួង។ លោកនិយាយថា«រាល់ថ្ងៃក្រសួងពិបាក ព្រោះតម្រូវអោយគាត់យកបទមកឆ្លង ក៏គាត់មិនយកមក ហើយបើយកមកឆ្លងគឺអោយកែតម្រូវក៏អត់កែ អ្វីដែលយើងសោកស្ដាយគឺបទអាសអាភាសទាំងហ្នឹង គេចាក់ក្លិប ទើបយើងពិបាកគ្រប់គ្រង១»។ លោកថាបណ្ដាក្លិបរាត្រី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ តែលោកគាំទ្រអោយមានការស៊ើបអង្កេតបិទបទចម្រៀងទាំងនោះចោល នៅគ្រប់ក្លិបរាត្រីដែលបានចាក់បន្លឺ។

មកទល់ពេលនេះ នៅមិនទាន់ដឹងថាឌីជេណាមួយដែលបាននិពន្ធបទអាក្រក់ស្ដាប់ទាំងនោះនៅឡើយទេ ខណៈដែលក្លិបណាមួយដែលដែលប្រើបទនោះក៏មិនទាន់ដឹង៕

https://www.youtube.com/watch?v=wUXPydgM_IM&feature=youtu.be

មតិយោបល់