មហោស្រពភាពយន្តថ្នាក់ជាតិដែលនាងធ្វើឡើងនៅថ្ងៃទី៤ រហូតដល់ថ្ងៃទី៩ មិនានេះ ត្រូវគេឃើញភាពយន្តខ្លាំងៗដែលខ្មែរផលិត និងបរទេសផលិតមានតែ៧ប៉ុណ្ណោះ ត្រូវបានជ្រើសអោយដាក់បញ្ចាំងអោយគណកម្មការ និងមហាជនវាយតម្លៃ ខណៈដែលភាពយន្តក្នុងចំណោមភាពយន្តទាំង៧នោះ គឺ៥រឿងត្រូវគេស្គាល់ថាជារឿងដែលចែកចាយដោយក្រុមហ៊ុនពូព្រហ្ម ជាក្រុមហ៊ុនចែកចាយភាពយន្តដ៏ធំនៅកម្ពុជា។ ការដាក់បញ្ចាំងខ្សែរឿងទាំងនេះក្នុងមហោស្រពភាពយន្ត មិនខុសពីបើកឱកាសថ្មីមួយអោយអ្នកមិនបានទស្សនាក្នុងពេលដាក់បញ្ចាំងលក់សំបុត្រ បាន ទស្សនាមិនគិតថ្លៃក្នុងវេទិកាមហោស្រពភាពយន្ត។
ប្រភពពីអ្នករៀបចំកម្មវិធីមហោស្រពភាពយន្ត បានអះអាងថាក្នុងចំណោមភាពយន្តទាំងអស់ដែលត្រូវកំណត់អោយបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍មហោស្រពភាពយន្តប្រចាំឆ្នាំ២០១៧នេះ មានរឿងចំនួន៧ ដោយក្នុងចំណោម៥នោះគឺពិតជាមានរឿង៥របស់ក្រុមហ៊ុនពូព្រហ្មត្រូវបានជ្រើសរើសអោយដាក់បង្ហាញ។ រឿងទាំងនោះរួមមានរឿង«ប៉ុបពីទៅហូលីវូដ»ដែលត្រូវគេស្គាល់ថាដឹកនាំផលិតដោយលោក សុខ វិសាល រឿង«កោះពេជ្រ» ដែលត្រូវគេស្គាល់ថាដឹកនាំផលិតដោយលោក ជូ ដេវី ជាជនបរទេស រឿង«វិកលចរិត» ដែលត្រូវគេស្គាល់ថាដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង រឿង«ស្នេហ៍ស្វ័យគុណ៤»ដែលត្រូវគេស្គាល់ថាដឹកនាំដោយកញ្ញា សុធា អ៊ីណេស និង រឿង«Jailbreak ការពារឧក្រិដ្ឋជន» ដែលត្រូវគេស្គាល់ថាដឹកនាំដោយលោក ជីមី ហែនឌ័រសុន។
លោក ស៊ុ ស៊ីថែន អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន«ពូព្រហ្ម» បានទទូលស្គាល់ថារឿងដែលក្រុមហ៊ុនលោកធ្លាប់ចែកចាយចំនួន៥ពិតជាត្រូវបានមហោស្រពភាពយន្តជ្រើសយក ក្នុងចំណោមភាពយន្តសរុបចំនួន៧ ដើម្បីដាក់បញ្ចាំងឡើងវិញចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ មីនានេះប្រាកដមែន។ លោកថាហេតុផលដែលរឿងទាំង៧ត្រូវបានកំណត់យក មិនដឹងដោយសារតែហេតុផលអ្វីខ្លះនោះទេ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់គឺបណ្ដាលមកពីគុណភាពផលិត និងខ្លឹមសាររឿងនោះតែម្ដង។ លោកថាសប្បាយចិត្តដែលគណកម្មការរបស់មហាស្រពភាពយន្តប្រចាំឆ្នាំ២០១៧ ទទួលយករឿងដែលក្រុមហ៊ុនពូព្រហ្មចែកចាយរហូតដល់៥រឿង អោយមានវត្តមានក្នុងចំណោមរឿងតែ៧ដែលខាងគណកម្មការមហោស្រពភាពយន្តជ្រើសយក អោយគណកម្មការ និង អ្នកជំនាញភាពយន្តធ្វើការវាយតម្លៃ មិនខុសពីលើកកម្ពស់នូវស្នាដៃភាពយន្តដែលលោកបានចែកចាយកន្លងមក។ លោកថាឧស្សាហកម្មភាពយន្ត គឺជាកត្តាជំរុញសំខាន់មួយដែលជួយអោយវប្បធម៌របស់ជាតិមួយត្រូវបានសាយភាយ ហើយភាពយន្តក៏ជាសារដ៏សំខាន់ផងដែរ ដើម្បីបង្ហាញថាប្រទេសមួយមានការរីកចំរើនកម្រិតណា។
គួរបញ្ញាក់ដែរថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាប្រចាំឆ្នាំ២០១៧ ប្រព្រឹត្តិទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមិនា ដោយមានភាពយន្តខ្នាតខ្លី និងខ្នាតវែងរបស់ផលិតករខ្មែរ និងផលិតករបរទេស ចំនួន៧ ត្រូវសម្រេចអោយដាក់បញ្ចាំងដោយឥតគិតថ្លៃអោយភ្ញៀវទស្សនា។ ព្រឹត្តិការណ៍ត្រូវបានបើកសម្ពោធផ្លូវការកាលពី ថ្ងៃទី៣ មីនា នៅកោះពេជ្រ ដោយមានការសម្តែងតន្ត្រី និងចាក់បញ្ចាំងខ្សែភាពយន្តចំនួន១រឿង ខណៈដែលចាប់ថ្ងៃទី៤តទៅ នឹងបន្តដាក់បញ្ចាំងចំនួន៦ទៀតដើម្បីអោយគណកម្មការ និងមហាជនវាយតម្លៃ៕
មតិយោបល់