ក្នុងគម្រោងចេញទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលី តារាចម្រៀងលោកអេឡិច ចន្ត្រា បានទទួលជោគជ័យយ៉ាងខ្លាំងដោយសារតែមានបងប្អូនខ្មែរយ៉ាងច្រើនកុះករទិញសំបុត្រទស្សនា ដោយក្នុងការសម្ដែងកន្លងមកគឺមានអ្នកទិញសំបុត្រមិនបានកន្លែងអង្គុយនោះផង។ ក្នុងគម្រោងចេញច្រៀង៥លើក សម្រាប់ដំណើរទៅអូស្រ្តាលីលើកនេះ លោកក៏ត្រូវគេឃើញចាប់ដៃជាមួយអ្នកនាងគឹម លីហ្សា ច្រៀងលក់សំបុត្រយកប្រាក់មកជួយដល់មន្ទីរគន្ធបុប្ផានោះផងដែរ ទើបធ្វើអោយម្នាក់ៗចាប់អារម្មណ៍ចំពោះវត្តមានតារាប្រុសស្រីទាំង២។
លោកអេឡិច ចន្ត្រា បានថ្លែងប្រាប់ថាលោកចេញទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលីលើកនេះ គឺគម្រោងចេញច្រៀងតែ៤Shows ប៉ុណ្ណោះ ដោយការច្រៀងលក់សំបុត្រទាំង៤ គឺក្រុមអ្នកធានាសម្រេចយកប្រាក់លក់សំបុត្រដែលសល់ពីការចាត់ចែងមកជួយដល់ក្មេងៗកំព្រា និងទុរគតជននៅក្នុងប្រទេសកម្ពុជាទាំងអស់។ យ៉ាងណាមិញលោកថាដោយសារតែការគាំទ្រ ទើបការសម្ដែងនៅយប់ថ្ងៃទី៤ មីនា ត្រូវបានធ្វើឡើងមួយទៀត ដោយការសម្ដែងនោះមិនយកថវិកាទៅជួយដល់កុមារកំព្រាដូច៤ការសម្ដែងមុននោះទេ ដោយយកថវិកាចំណេញទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង។ លោកថាលោក និងអ្នកនាងគឹម លីហ្សា ដែលបានរឿបការទៅរស់នៅប្រទេសអូស្រ្តាលី បានចាប់ដៃគ្នាចេញច្រៀងក្នុងគម្រោងជួយដល់មន្ទីរពេទ្យគន្ធបុប្ផានោះ ដោយអះអាងថាសប្បាយចិត្តដោយសារតែបានរួមចំណែកជួយដល់ក្មេងៗជាអ្នកជំងឺដែលត្រូវការជំនួយ និងដូចជាជួយអោយមន្ទីរពេទ្យបានបន្តនិរន្តរភាពដោយមិនភ័យរឿងបិទទ្វារ។ លោកថាដំណើរចេញច្រៀងរបស់លោកនៅក្នុងប្រទេសអូស្រ្តាលី សុទ្ធតែជាគម្រោងចេញច្រៀងលក់សំបុត្រដើម្បីជាប្រយោជន៍ដល់សង្គមខ្មែរ ប៉ុន្តែក្នុងចំណោមShow ទាំង៥លោកជាប់ចិត្តនឹងការសម្ដែងយកប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាងគេ ដោយសារតែតម្រូវការរបស់មន្ទីរពេទ្យនេះ គឺជាអាយុជីវិតរបស់កុមារកម្ពុជានៅទូទាំងប្រទស។ អ្វីដែលលោកសប្បាយបំផុត គឺបានសម្ដែងជាមួយអ្នកនាងគឹម លីហ្សា ដែលជាអតីតដៃគូចាស់ ដែលមិនខុសពីអោយលោកបានរួមការងារជាមួយនាងជាថ្មី។ លោកមិនទាន់ដឹងថាជំនួយដែលទទួលបានការប្រគំតន្ត្រីនឹងមានចំនួនប៉ុន្មានអោយប្រាកដនៅឡើយទេ ដោយសារតែការបូកសរុបនៅមិនទាន់បានធ្វើ។ យ៉ាងណាមិញ ទោះជាការលក់សំបុត្រទូទាត់ការចំណាយបានមិនច្រើនដូចការគ្រោងទុក ក៏ចាត់ទុកថាជាទឹកចិត្តមួយដែលក្នុងនាមលោក និងតារាចម្រៀងទាំងអស់បានធ្វើផងដែរ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា៕
មតិយោបល់