ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិលើកទី៧ កាលពីយប់ថ្ងៃទី៤ មិនាម្សិលមិញ មានការប្រកាសថាមានភាពយន្តសរុបរហូតដល់១៣៨មកពី៣៥ប្រទេសចូលរួមបង្ហាញខ្លួន ដោយនៅក្នុងនោះភាពយន្តខ្នាតវែងរបស់ខ្មែរមានត្រឹមតែ៧រឿងប៉ុណ្ណោះត្រូវបានជ្រើសរើស។ នេះជាការជួបជុំនៃភាពយន្តខ្មែរ និងអន្តរជាតិជាទ្រង់ទ្រាយធំ ដើម្បីអោយផលិតករខ្មែរទទួលបាននូវបទពិសោធន៍ក្នុងការងារផលិតរឿង។
ព្រឹត្តិការណ៍ដែលបានបើកសម្ពោធនេះ មានការចូលរួមជាគណធិបតីដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។ វេទិកានោះក៏ឃើញបង្ហាញវត្តមានដោយផលិករ និងតួសម្ដែងយ៉ាងច្រើនកុះករផងដែរ ទើបញ៉ាំអោយមហោស្រពភាពយន្តលើកទី៧ ដែលបានរៀបចំឡើងនៅចតុមុខមានភាពអធឹកអធម។ ភាពយន្តចំនួន២ ត្រូវបានគេជ្រើសអោយដាក់បញ្ចាំងនៅក្នុងវេទិកានោះ គឺរឿង«ចាកចេញ» និងរឿង«ចម្រៀងចុងក្រោយ»ដែលនិយាយពីស្នាដៃ និងព្រឹត្តិការណ៍សោយទីវង្គត់របស់ព្រះបាទនរោត្តមសីហនុ។ ក្នុងចំណោមរឿងទាំង២ រឿង«ចម្រៀងចុងក្រោយ»បានធ្វើអោយម្នាក់ៗរន្ធត់ចិត្តយ៉ាងខ្លាំង ដោយសារតែរឿងមួយនេះបានដកស្រង់ទិដ្ឋភាពសោយទីវង្គត់របស់ព្រះសីហនុយកមកឆ្លុះបង្ហាញ។
ក្រោយដាក់ដាក់បញ្ចាំងរឿងនេះ វេទិកាមហោស្រពភាពយន្តនឹងបើកទូលាយបញ្ចាំងរឿងអោយគ្រប់១៣៨រឿងទាំងខ្នាតខ្លី និងខ្នាតវែង រហូតដល់ថ្ងៃទី៩ មិនា ដើម្បីអោយសាធារណជនបានទស្សនាភាពយន្តស្ដង់ដារ ទាំងរបស់ផលិតករខ្មែរ និងបរទេសមកពី៣៥ប្រទេសរហូតដល់បញ្ចប់កម្មវិធី។ ព្រឹត្តិការណ៍នេះត្រូវបានរំពឹងថានឹងក្លាយជាវេទិកាជំនួបរវាងផលិតករ និងផលិតករជាទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជា ដោយក្រៅពីបើកឱកាសអោយផលិតករកម្ពុជាទទួលបាននូវបទពិសោធន៍ពីគ្នា ក៏នឹងជួយអោយផលិតករបរទេសចាប់អារម្មណ៍ដល់វិស័យភាពយន្តនៅកម្ពុជាក្នុងពេលបន្តបន្ទាប់ លើសពីពេលកន្លងមកផងដែរ។ នៅក្នុងពិធីនោះ ក៏ឃើញមានវត្តមានតារាសិល្បៈល្បីៗប្រចាំនៅក្នុងប្រទេសកម្ពុជាបង្ហាញខ្លួនផងដែរ៕
មតិយោបល់