ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ឡាយអ៊ិន ទម្លាយរឿង ស៊ឹង ប៊ុណ្ណា យកប្អូនថ្លៃធ្វើប្រពន្ធចុង

ភ្នំពេញៈ ខណៈដែលអ្នកជំនួញដីធ្លីដ៏ល្បីឈ្មោះ គឺលោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ត្រូវបានតុលាការចាប់ខ្លួន ពីបទចេញសែកក្លែងក្លាយ លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៊ិន អះអាងថា ក្នុងពេលលោក ស៊ឹង ប៊ុណ្ណា មិនទាន់មានរឿង គឺលោកជាអ្នកពាក់ព័ន្ធនឹងអតីតរបស់ខ្លួន។ លោកបានប្រកាសថា លោក ស៊ឹង ប៊ុណ្ណា ក្រោយពីយកបានប្រពន្ធខ្លួន ក៏បានប្រើអំណាចបង្ខាំងកូនទាំង៣ របស់លោកមិនឲ្យជួបលោកមកទល់នឹងពេលនេះផងដែរ។

លោកបានរំឭករឿងរ៉ាវដ៏រសើបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយ Post News កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ថា កាលពីឆ្នាំ២០១០ លោកបានចូលស្ដីដណ្ដឹងនារីម្នាក់ ឈ្មោះ ស៊ន សុម៉ាលីនដា ជាប្អូនថ្លៃរបស់លោក ស៊ឹង ប៊ុណ្ណា។ ប៉ុន្តែក្រោយពីដើរចែកសំបុត្រអាពាហ៍ពិពាហ៍រួច ទើបបានដឹងថា អនាគតកូនក្រមុំរបស់លោក នាងមានស្នេហាលួចលាក់ជាមួយបងថ្លៃខ្លួនឯង គឺលោក ស៊ឹង ប៊ុណ្ណា តែដោយសារធៀបក៏បានចែកហើយ ហើយគ្រួសារខាងស្រី ក៏បានអះអាងថា នឹងមិនឲ្យគូដណ្ដឹងរបស់លោកបន្តទាក់ទងបងថ្លៃដូចមុនផង ទើបលោកយល់ព្រមរៀបការ។ លោកបានបន្តថា ក្រោយថ្ងៃរៀបការតែមួយសប្ដាហ៍ប៉ុណ្ណោះ អតីតភរិយារបស់លោក បានទារសុំលែង តែដោយសារតែសម្ពាធកេរ្តិ៍ឈ្មោះខ្លាចមានព័ត៌មានអាស្រូវ ទើបលោកសុខចិត្តឲ្យអតីតភរិយាបន្តទាក់ទងលោក ស៊ឹង ប៊ុណ្ណា ដើម្បីកុំកើតមានព័ត៌មានលែងលះ។ លោកបានបន្តជីវិតដ៏ឈឺរបៀបនេះ រហូតដល់ឆ្នាំ២០១៤ ក៏ត្រូវលោក ស៊ឹង ប៊ុណ្ណា ប្រើអំណាច និងជះទឹកប្រាក់ដណ្ដើមយកអតីតភរិយាទៅធ្វើជាភរិយាចុងពេញមុខតែម្ដង បន្ទាប់ពីអតីតរបស់ភរិយាលោកសុខចិត្តរើបង្វេចទៅរស់នៅជាមួយលោក ស៊ឹង ប៊ុណ្ណា ហើយហៅមកវិញលែងមក។

លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៊ិន បញ្ជាក់ថា ច្បាប់បានកាត់ទាំងអយុត្តិធម៌ឲ្យភរិយាលោកគ្រប់គ្រងកូនទាំង៣ ហើយក្រោយមក នាងក៏បង្ខាំងកូននោះមិនឲ្យស្គាល់លោកឡើយ។ បើទោះជាកូនទាំង៣ ត្រូវគេអះអាងថា មានចំណែកឈាមរបស់ ស៊ឹង ប៊ុណ្ណា មួយចំណែក ប៉ុន្តែលោកថា ខ្លួននៅតែចាត់ទុកជាកូនខ្លួន និងចង់ជួបមុខកូនមិនខុសពីឪពុកទូទៅ។ លោកថា ភរិយាដើមរបស់លោក ស៊ឹង ប៊ុណ្ណា ក៏បានជំទាស់ចំពោះស្នេហាដ៏រសើបនេះដែរ ប៉ុន្តែដោយលោក ស៊ឹង ប៊ុណ្ណា មានឥទ្ធិពលខ្លាំងក្លា ទើបបណ្ដោយឲ្យរឿងទាំងមូលក្លាយទៅជាបែបនោះ។

លោក ឡាយអ៊ិន បញ្ជាក់ទៀតថា រឿងរ៉ាវដែលបានកើតឡើង មិនមែនដឹងត្រឹមតែក្រុមគ្រួសារទាំងសងខាងបានដឹងនោះទេ គឺសាច់ញាតិទាំងអស់នៅឃុំអំពិល ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏ដឹងដូចគ្នាថា លោក ស៊ឹង ប៊ុណ្ណា យកប្អូនថ្លៃខ្លួនឯងធ្វើជាប្រពន្ធចុង ដោយប្រើគ្រប់មធ្យោបាយបំបែកបំបាក់ពីលោក។ លោកនិយាយថា «វានៅជាមួយគ្នា៨ឆ្នាំហើយ(មុនលោករៀបការ) ក្រោយមកមីបងដេញមីប្អូនឲ្យមកការ ដល់ពេលមកនៅជាមួយខ្ញុំបានតែ៥ឆ្នាំ វាទៅនៅជាមួយគ្នាវាវិញ!»

ជាមួយគ្នានេះ លោក ឡាយអ៊ិន ក៏ថា នឹងបន្តបញ្ចេញរឿងអាស្រូវរបស់លោក ស៊ឹង ប៊ុណ្ណា និងអតីតភរិយាបន្តទៀត ប្រសិនបើការទម្លាយចេញពាក់ព័ន្ធរឿងនេះ ត្រូវបានលោក ស៊ឹង ប៊ុណ្ណា និងភាគីណាមួយប្រតិកម្ម។ លោកថា «មកទល់ពេលនេះ ខ្ញុំអត់ខ្លាចទេបង ខ្ញុំមានភស្ដុតាំងទាំងអស់ តែកន្លងមកគេវាមានអំណាច ទើបខ្ញុំចេះអត់ហ៊ានបញ្ចេញឈ្មោះ តែឥឡូវខ្ញុំអត់ខ្លាចទៀតទេ!»

លោក ឡាយអ៊ិន បានអះអាងថា អ្វីដែលលោក ស៊ឹង ប៊ុណ្ណា បានទទួលគឺជាផលកម្មដែលលោកក៏តតាំងផ្លូវច្បាប់ ដើម្បីឲ្យមានសិទ្ធិបានឃើញមុខកូនទាំង៣ ដែលត្រូវអតីតភរិយាមិនឲ្យស្គាល់ខ្លួននោះដែរ។ លោកថា រវាងលោក និងភរិយា មិនមានរឿងត្រូវអាល័យគ្នាទេ ប៉ុន្តែសម្រាប់កូនទាំង៣ គឺលោកពេញចិត្តទទួលខុសត្រូវ បើទោះអ្នកណាថា កូនរបស់អ្នកណាក៏ដោយ។

មកទល់នឹងការទម្លាយនេះ ទូរស័ព្ទគ្រប់ខ្សែរបស់លោក ស៊ឹង ប៊ុណ្ណា ត្រូវបានបិទ ខណៈដែលអតីតភរិយារបស់ ឌីជេឡាយអ៊ិន និងភរិយារបស់លោក ស៊ឹង ប៊ុណ្ណា ក៏មិនអាចសុំការទំនាក់ទំនងបាន៕

មតិយោបល់