ក្រោយការបង្ហោះរបស់លោកឯម រៀម នៅលើហ្វេសប៊ុកជុំវិញទិដ្ឋភាពតារាម៉ូដែលរបស់លោកស្លៀកពាក់ស៊ិចស៊ី និងបញ្ចេញកាយវិកាមិនសមភ្នែកនៅក្នុងបរិវេណប្រាសាទរបស់ខ្មែរ បានធ្វើអោយមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុក។ ម្នាក់ៗបានចោទថាលោកមាក់ងាយវប្បធម៌ខ្មែរ និងចង់បណ្ដុះបង្អាប់តម្លៃប្រាសាទខ្មែរ តែលោកបានឆ្លើយថា នោះគ្រាន់តែជាទម្រង់សិល្បៈ មិនសំដៅដល់ការប្រមាថបែបនោះទេ។
គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលលោកឯម រៀម អ្នកចេញម៉ូដប្លែកៗដ៏ល្បីឈ្មោះនៅក្នុងពិភពសិល្បៈបានបង្ហោះរូបថតតារាម៉ូដែល២រូប ដោយម្នាក់ស្លៀកឈុតខ្មៅដូចរោមសត្វ តែជាប្រភេទឈុតស៊ិចស៊ីល្វែងក្រោម និងម្នាក់ទៀតស្លៀកឈុតពណ៌ក្រហម ហើយអង្គុយគន្ធែកគន្ធាំងនៅមុខប្រាសាទខ្មែរ ដែលធ្វើអោយអ្នកណាៗក៏មើលឃើញថាជាការប្រមាថដល់វប្បធម៌ខ្មែរ។ តារាម៉ូដែលទាំងពីរសុទ្ធតែស្លៀកឈុតប្លែកៗរបស់លោក ហើយរូបភាពទាំងនោះត្រូវគេឃើញមានការរិះគន់យ៉ាងពេញបន្ទុក ក្រោយការបង្ហោះរបស់លោកបង្អួតពីស្នាដៃថ្មីៗ។
លោកឯម រៀម បានអះអាងថាក្នុងពេលចេញថតលោកមិនបានចាប់អារម្មណ៍ថា កាយវិកា និងឈុតដែលតម្រូវអោយម៉ូដែលស្លៀកនោះមានន័យបណ្ដុះបង្អាប់ដល់ប្រាសាទខ្មែរ ឬវប្បធម៌ខ្មែរនោះទេ ដោយលោក និងក្រុមការងារគ្រាន់តែមានបំណងចង់អោយតារាម៉ូដែលកាច់ស្ទីលប្លែកៗ ហើយទៅថតនៅតំបន់ប្រាសាទដើម្បីអោយទាក់ភ្នែក ក្នុងន័យជួយផ្សព្វផ្សាយដល់វប្បធម៌ខ្មែរទៅកាន់បរទេសប៉ុណ្ណោះ។ លោកថាតារាម៉ូដែលទាំង២ជាជនជាតិហ្វីលីពីន ហើយក្រុមការងារចុះថតក៏បានសុំសិទ្ធិនៅប្រាសាទទន្លេបាទីរួចរាល់ដែរផងដែរ ដោយក្នុងពេលថតសុទ្ធតែមានអាជ្ញាធរ និងភ្ញៀវទេសចរណ៍ក៏ឈរមើលស្អេកស្កះ ហើយមិនឃើញមានការហាមប្រាមនោះទេ។ លោកនិយាយថា«បើសំលៀកបំពាក់នឹងមិនសមភ្នែក កាយវិកាហ្នឹងមិនសមភ្នែក ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាមន្ត្រីអាជ្ញាធរប្រាសាទដែលផ្ដល់សិទ្ធិអោយពួកខ្ញុំ មិនហាមបើពួកគាត់នៅឈរមើលយើងតារហូតហ្នឹង!ពួកយើងអត់មានធ្វើក្នុងន័យមាក់ងាយអីទេ គឺពេលហ្នឹងយើងគ្រាន់តែចង់អោយម៉ូដែលតែងខ្លួនប្លែកៗ និងកាយវិកាប្លែក ដើម្បីលេងស្ទីលប៉ុណ្ណោះ!»។ លោកទទួកយកការរិះគន់របស់អ្នកលេងហ្វេសប៊ុក ដោយលោកប្រកាសសុំទោសចំពោះការលើសលោះ និងបានប្រកាសថានោះជារូបភាពសិល្បៈមិនមានបំណងមាក់ងាយដល់ខ្មែរឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ផុសញូនៅមិនទាន់ទទួលបានចម្លើយតបពីមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីអាជ្ញាធររបស់ប្រាសាទទន្លេបាទីនៅឡើយទេ។
មតិយោបល់