បន្ទាយមានជ័យៈ ស្រុកចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងនូវការបោកបក់ខ្លាំងពីខ្យល់កន្ត្រាក់ ហើយបានធ្វើឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន៧ខ្នង ត្រូវបានរលំនិងខូចខាត។ ហេតុការណ៍គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧។
ស្នងការខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានឲ្យដឹងថា មិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ហើយមានតែផ្ទះ៧ខ្នងប៉ុណ្ណោះ ដែលបានរងការខូចខាតក្នុងនោះ២ខ្នងធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា ភូមិចំនួន២ គឺភូមិរបើកស្វាយ និងភូមិខ្វាវលិច នៃស្រុកស្វាយចេករងការខូចខាតផ្ទះចំនួន៦ខ្នង ចំណែកភូមិអូរបីជាន់ស្រុកអូរជ្រៅផ្ទះមួយខ្នង។
លោកថាដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនរងគ្រោះ កម្លាំងនគរបាលរបស់ស្នងការដ្ឋានបានចេញប្រតិបត្តិការជួយជួសជុលឡើងវិញ។ជាមួយនោះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជួយផ្តល់ សង្ក័សីសម្រាប់ប្រកដំបូលផងដែរ៕
មតិយោបល់