ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាជើងចាស់ ចៅ ចាន់ណារី ត្រឡប់មកកាន់ការសម្ដែងវិញ

ភ្នំពេញៈ ជាមួយនឹងការដកខ្លួនរហូតដល់មានមហាជនភ្លេចមុខទៅហើយ តារាសម្ដែងជើងចាស់ក្នុងជំនាន់លោក ចៅ ចាន់ណារី បានសម្រេចត្រឡប់មកកាន់ការសម្ដែងវិញហើយ ដោយប្រកាសបង្ហាញខ្លួនក្នុងរឿង «លត់ដែកថែម» បន្ទាប់ពីមានផលិតករស្នើសុំ។ ជាមួយនឹងការបង្ហាញខ្លួនជាថ្មី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោក ក៏ត្រូវគេឃើញខុសប្លែកសម្រស់កាលពីអតីតកាល បើធៀបនឹងលោក ទេព រិន្ទដារ៉ូ លោក ខៃ ប្រសិទ្ធិ និងលោក សុវណ្ណ មុន្នី ជាដើមដែលជាតារារួមជំនាន់។

តួឯកល្បីឈ្មោះ ក្នុងជំនាន់ អម្ពរ ទេវី និង ចាន់ តារាទី រូបនេះ បានអះអាងថា លោកសម្រេចចិត្តទទួលថតរឿង «លត់ដែកថែប» របស់ផលិតកម្ម Eye Love Film បន្ទាប់ពីខាងផលិតករបានស្នើឲ្យលោកទទួលថតវិញ និងបន្ទាប់ពីកត់សម្គាល់ថា នៅក្នុងរឿងនេះ សម្ដែងសុទ្ធតែមិត្តភ័ក្ត្រចាស់ៗ ដូចជាលោក ខ្លូត រតនា លោក គន្ធ តារាវណ្ណ និងលោក សុខ សុធន ជាដើម។ លោកថា ខ្លួនបានកសាងគ្រួសារនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយឈប់នឹកនាជាមួយនឹងអាជីពថតកុនទៅហើយ ដោយសារតែគ្មានអ្នកណាបំផុសឲ្យចូលសិល្បៈផង។ យ៉ាងណាក៏ដោយ លោកថា ក្រោយទទួលថតរឿងជាលើកដំបូងនេះ គឺលោកនឹងបន្តបង្ហាញមុខក្នុងភាពយន្តជាថ្មី ដោយសារតែលោកដ្បិតថាចាស់មែន ប៉ុន្តែក៏នៅស្រឡាញ់ការសម្ដែង។

លោក សុខ ដែន អ្នកដឹកនាំរឿង និងជាជំនួយការផលិតកម្ម បានអះអាងថា ហេតុផលដែលនាំឲ្យលោកជ្រើសយកលោក ចៅ ចាន់ណារី ឲ្យចូលសម្ដែង គឺដោយសារតែចង់ឲ្យអ្នកទស្សនាចងចាំស្នាដៃរបស់លោកកាលពីជំនាន់អ្នកនាង អម្ពរ ទេវី និង ខៃ ប្រសិទ្ធ ជាដើម។ លោកថា នៅក្នុងរឿងនេះ លោក ចៅ ចាន់ណារី ដើរតួជាស្នងការប៉ូលិស ហើយក្រៅពីនោះ ក៏មានតួអង្គក្មេងសំខាន់ៗផងដែរ ដូចជា នាយ ចឺម កញ្ញា វ៉ាន់ នីឡា លោក សុវណ្ណ គីរី កញ្ញា សម ថារ័ត្ន និងតារាប្រុសស្រីជាច្រើនរូបទៀត។ លោកថា វត្តមានរបស់ ចៅ ចាន់ណារី និងតារាសម្ដែងទាំងអស់ ពិតជាធ្វើឲ្យរឿង «លត់ដែកថែម» ផ្ទុះក្រោយពេលដាក់បញ្ចាំង ដោយសារតែក្នុងរឿងនេះ ក៏បង្ហាញពីឈុតឆាកវាយតប់ និងមានឈុតឆាកកំប្លែងតាំងពីដើមដល់ចប់។

គួរជម្រាបថា រឿងនេះ បានធ្វើពិធីក្រុងពាលីចេញថត កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយនឹងចាប់ផ្ដើមដំណើរសកម្មភាពចាប់ពីដើមខែកក្កដាទៅ ដែលគ្រោងថតឲ្យចប់ក្នុងពេលឆាប់ៗ ដើម្បីអាចដាក់បញ្ចាំងនៅតាមរោងកុននៅអំឡុងមុនដំណាច់ឆ្នាំខាងមុខនេះ៕

មតិយោបល់