ព័ត៌មានសិល្បៈ និងកម្សាន្ត

ជើងខ្លាំងក្បាច់គុណ៣រូប ប៉ះគ្នាក្នុងរឿង«លត់ដែកថែប»

នៅទីបំផុតខ្សែភាពយន្តរឿង«លត់ដែកថែប»ដែលត្រូវគេស្គាល់ជាយូរមកហើយថាជារឿង ប្រភេទស្នេហា និងវាយប្រហារ ដោយមានតារាក្បាច់គុនល្បុកតោ និងការាតេដូជាច្រើនចូលសម្ដែងនោះ បានប្រកាសដាក់បញ្ចាំងហើយនៅថ្ងៃទី៣០ មីនា ដំណាច់ខែ។ នេះជារឿងដែលមានកីឡាករក្បាច់គុណច្រើននាក់បង្ហាញខ្លួន ដោយខ្សែភាពយន្តទាំងមូលគ្រាន់តែមានដំណឹងថាដាក់បញ្ចាំង ក៏បានទាក់ទាញមិនខុសពីរឿង«Jailbreak ការពារឧក្រិដ្ឋជន»នោះផង។

លោក សុខ ដែន តំណាងផលិតករ បានអះអាងក្រោយចំណាយពេលច្រើនខែក្នុងការផលិតខ្សែរឿង«លត់ដែកថែប»បានរួចរាល់ហើយ ដោយឈុតឆាកសំខាន់ៗនៅក្នុងរឿងទាំងមូល គឺវាយកាប់ចាក់តែម្ដង ដើម្បីធ្វើឲ្យភាពយន្តរបស់ខ្មែរមួយនេះ មើលទៅរស់រវើក និងមិនសាំចំពោះអ្នកទស្សនា។ លោកក៏ជាតួសម្ដែងនៅក្នុងរឿងដែរ ដោយក្នុងរឿងនេះ លោកថាខ្លួនបានបង្ហាញក្បាច់គុណអស់ពីសមត្ថភាពដើម្បីធ្វើខ្សែរឿងរស់វើក។ លោកត្រូវគេស្គាល់ថាជាតួអង្គវាយលោតហក់ជាង៦០រឿងនាពេលកន្លងមក ដោយរឿងដែលលោកជោគជ័យជាងគេគឺរឿង«ល្បុក្កតោចម្លែក» ជារឿងដែលនាំទស្សនិកជនស្គាល់លោកច្បាស់ និងរឿង«ឃុនហ្លួងព្រះស្តេចកន»ដែលត្រឹមនឹងដាក់បញ្ចាំង។ លោកគឺជាតារាភាពយន្តតែម្នាក់ ដែលបានល្បីឈ្មោះ និងចេះស្ទាត់នូវក្បាច់គុណ«ល្បុក្កតោ» និង «យុទ្ធក្រមខម»ដែលជាក្បាច់គុនយ៉ាងរស់រវើករបស់ខ្មែរ។
នៅក្នុងរឿងនោះក៏មានវត្តមានកីឡាការិនី សម ថារ័ត្ន ឬកញ្ញា«តាឡនតន» ផងដែរ ដោយនាងត្រូវបានគេអះអាងថានឹងបញ្ចេញក្បាច់រស់រវើកមិនខុសពីពេលដែលនាងចេញថតក្នុងរឿង «Jailbreak: ការពារ ឧក្រិដ្ឋជន» និងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»នោះផង។ កញ្ញាថាខ្លួនមានឈុតលោតផ្លោះ និងវាយកាប់ចាក់ពិបាកៗជាច្រើន ដោយចាត់ទុកថាក្នុងរឿង«លត់ដែកថែប»ជារឿងដែលនាងពិបាកថត បើទោះជាធ្លាប់ថតរឿងបញ្ចេញក្បាច់គុណច្រើនលើកមកហើយ។

លោកសុវណ្ណ គិរី ដែលជាកីឡាករជម្រើសជាតិ និងជាគ្រូបង្វឹកផ្នែកការ៉ាតេដូល្បីឈ្មោះ ក៏មានវត្តមានក្នុងរឿងនេះដែរ ដោយលោកបញ្ជាក់ថាបានសម្ដែងយ៉ាងអស់ពីសមត្ថភាពក្នុងឈុតវាយតប់ដើម្បីឲ្យរឿងរស់រវើក។ លោកថាខ្លួនប្រឡូកក្នុងវិស័យសិល្ប: តាំងពីឆ្នាំ២០០៨ ទាំងផ្នែករឿងដុំ និងភាគទូរទស្សន៍ ដោយភាគច្រើនក្រៅពីសម្ដែងជាតួច្រឡឺម គឺសម្ដែងជាតួវាយតប់តែម្ដង។ ក្នុងរឿង «លត់ដែកថែប» លោកគឺជាតួកាចម្នាក់ ហើយក្បាច់គុណការាតេដូ ដែលលោកនឹងប្រើ ក៏នឹងប៉ះជាមួយក្បាច់គុនល្បុក្កតោដ៏ខ្លាំងក្លារបស់លោកដែន និងសម ថារ័ត្នផងដែរ។

មតិយោបល់