ព័ត៌មានសិល្បៈ និងកម្សាន្ត

ដល់ករ! រឿង«កំពូលស៊យឆ្លងភព»អត់លុយសម្ពោធ ក្រោយធនាគារគំរាមអូសទ្រព្យ

ខុសពីរឿងផ្សេងៗដែលប្រកាសអោយដឹងពីគម្រោងបើកសម្ពោធគគ្រឹកគគ្រេងមុនថ្ងៃដាក់បញ្ចាំងគ្រប់រោង សម្រាប់ផលិតកររឿង”កំពូលស៊យឆ្លងភព” បានសារភាពដោយលែងលាក់លៀមថា គ្មានលុយធ្វើពិធីសម្ពោធនោះទេ ខណៈដែលរឿងមួយនេះដល់ថ្ងៃដាក់បញ្ចាំងគ្រប់រោងនៅថ្ងៃទី១៦ មីនាទៅហើយ។ លោកថាខ្លួនធ្លាក់ខ្លួនដោយសារតែអស់លុយអស់កាក់ក្នុងពេលផលិតរឿង ស្របគ្នាដែលលុយថតរឿងខ្ចីពីធនាគារក៏ខានបានបង់រហូតដល់ថ្នាក់ធនាគាគំរាមអូសដីដែលបានបញ្ចាំ។

លោក តន់ វុទ្ធី ផលិតករភាពយន្តបានថ្លែងប្រាប់ថា ភាពយន្តរបស់លោកមិនបានធ្វើពិធីសម្ពោធទេ ព្រោះលោកអត់មានលទ្ធភាពតែម្ដងក្នុងការរៀបចំពិធីបើកសម្ពោធណាមួយ។ លោកថាហេតុផលធ្លាក់ខ្លួនរហូតដល់អត់លុយធ្វើពិធីសម្ពោធ គឺដោយសារតែលោកធ្វើកុនមួយរឿងហ្នឹង គឺដោយយកដីស្រែទៅបញ្ចាំង ហើយមកទល់ពេលនេះក៏អត់លទ្ធភាពនឹងបង់អោយទៀងទាត់ទៀត ទើបមិនមានលទ្ធភាពមកចំណាយរឿងធ្វើពិធីសម្ពោធ។ លោកថាការផលិតរឿង”កំពូលស៊យឆ្លងភព” ខ្លួនបានចំណាយដើមច្រើន ហើយដោយសារតែពេលផលិតអត់មានអាចរកអ្វីបាន ទើបរកលុយទៅបង់ប្រាក់បំណុលក៏មិនគ្រប់បណ្ដាលអោយធានាគំរាមរឹបអូស។ លោកថាតស៊ូខ្លាំងណាស់ទម្រាំអាចផលិតមួយរឿងនេះចប់ ហើយលោកក៏សម្ដែងការសោកស្ដាយផងដែរ ដែលខាងម្ចាស់រោងកុនកំណត់អោយដាក់បញ្ចាំងនៅថ្ងៃទៅ១៦ មីនានេះ តែអត់មានលុយដើម្បីរៀបបើកសម្ពោធជាសាធារណៈដូចបណ្ដាភាពយន្តដទៃ។ យ៉ាងណាមិញលោកថាខ្សែរឿងមួយនេះ ជារឿងនិពន្ធថ្មីមិនចម្លងពីបរទេស និងជារឿងដែលមានគុណភាពក្នុងការប្រកួតប្រជែង។ លោកថារឿងនេះ បើអ្នកទស្សនាបានទស្សនានឹងមានអារម្មណ៍ពេញចិត្ត តែលោកក៏ភ័យផងដែរ ដែលលោកអត់មានលុយសម្ពោធ ហើយអត់មានលទ្ធភាពធ្វើយុទ្ធនាការផ្សព្វផ្សាយទៅទៀត ដែលមិនអាចអោយមហាជនបានដឹង និងជ្រួតជ្រាប។ លោកថាភ័យបារម្ភ ដែលភាពយន្តផ្សេងគេបើកសម្ពោធគគ្រឹកគគ្រេង នៅកន្ទ្រាក់អ្នកទស្សនាមិនបានច្រើន ចុះទម្រាំរឿងលោកមិនធ្វើពិធីដើម្បីអោយមានការផ្សព្វផ្សាយ។

គួរបញ្ជាក់ថា រឿង “កំពូលស៊យឆ្លងភព” ត្រូវបានផលិតដោយផលិតកម្ម«អូហ្វីម» ដោយតាមគម្រោងបានស្វះស្វែងរកលុយធ្វើពិធីសម្ពោធនៅល្ងាចថ្ងៃទី១៥ មីនានេះ តែបែរជាសម្រេចចិត្តលុបវិញ ដោយសារតែខាងផលិតករបានអះអាងថាអត់មានលុយចំណាយ និងមានរឿងឈឺក្បាលរឿងរកលុយបង់ដល់ធនាគារមិនបានផង។ លោក តន់ វុទ្ធី ប្រាប់ថាលោកផលិតមួយរឿងនេះគឺអស់ពីខ្លួន ដោយសារតែលុយដែលមានជាប់ខ្លួនផលិតមិនគ្រប់ ក៏ដាក់ដីបញ្ចាំធនាគារ ហើយខ្វះលទ្ធភាពបង់ជាប្រចាំ រហូតត្រូវធនាគារប្រកាសរឹបអូស។ លោកថារឿង”កំពូលស៊យឆ្លងភព”ស្ថិតក្នុងភាពផ្សងព្រេង តែលោករំពឹងថាបើទោះជាមិនមានពិធីបើកសម្ពោធក៏ពិតជាមានអ្នកទស្សនាគាំទ្រដើម្បីលើកទឹកចិត្តដល់ស្នាដៃខ្មែរ៕

https://www.youtube.com/watch?v=TdWv-SSfjpE&feature=youtu.be

មតិយោបល់