ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីង រ៉ូហ្សា ឡើងកាលីប៣តង់

បើទោះជាបានប្រកែកថាមិនមានបុរសសំបូរទ្រព្យណាម្នាក់ជះលុយជួយពីក្រោយខ្នង តែគេកត់សម្គាល់ថាតារាសម្ដែងកញ្ញា ពីង រ៉ូហ្សា កាន់តែឡូយឆាយទៅៗមិនដូចគ្នានឹងអ្វីដែលបានប្រកាសឡើង។ ក្រៅពីមានលុយកាក់ចាយវាយណែនដៃមិនដូចអតីតកាល នាងក៏ទើបតែដូររថយន្តស៊េរីទំនើប មានសមត្ថភាពរស់នៅវីឡា និងឡើងចុះក្រៅប្រទេសដូចឡើងចុះកំពង់ចាម មិនខុសពីសេដ្ឋីនីម្នាក់។ ទន្ទឹមនឹងភាពហ៊ឹកហ៊ាក់ខាងផ្នែកជីវភាព នាងក៏ត្រូវគេឃើញឡើងកាលីបក្លាយជាពិធីការិនីក្នុងកម្មវិធីសម្រស់របស់ទូរទស្សន៍មួយ ព្រោះតែការឈានឡើងនៃរូបសម្រស់ផងដែរ។ ម្នាក់ៗបានអះអាងថាក្រោយផ្ទុះរឿងអាស្រូវនាងឈានឡើង៣កម្រិតតែម្ដងទាំងសម្រស់ លុយកាក់ និងការងារមិនដូចមុន។

ចាប់តាំងពីបានបែកធ្លាយរឿងអាស្រូវហូរហែរថាបានស្រឡាញ់ភេទដូចគ្នាជាមួយឌុច លីដា ក្រោយមកក៏ថាពាក់ព័ន្ធបុរសសំបូរទ្រព្យជាប្ដីគេម្នាក់តែនាងបានប្រកែក បានជួយអោយតារាសម្ដែងរូបស្រស់នាងពីង រ៉ូហ្សា ឈានឡើងដូចកាំជណ្ដើរ។ រឿងអាស្រូវមិនធ្វើអោយនាងផ្កាប់ឆ្នាំងនោះទេ ប៉ុន្តែផ្ទុយទៅវិញកាន់តែល្បី សំបូរការងារ ល្បីរឿងមានអ្នកចោមរោមច្រើនជាងមុន ហើយចុងក្រោយជីវិតរស់នៅដែលធ្លាប់តែឃើញហែលឆ្លងនូវការតស៊ូក៏ប្រែជានារីស្ដុកស្ដម្ភ។ ម្នាក់ៗសុទ្ធតែបានកោតសរសើរពីការផ្លាស់ប្ដូរដល់១០០អង្សាររបស់តារាស្រីរូបនេះ។ យ៉ាងណាមិញ នាងនៅតែអះអាងថាមិនមានប្ដីគេសំបូរទ្រព្យណាម្នាក់ជះលុយអោយនាងទិញឡាន និងមានជីវិតហ៊ឺហារនោះទេ ក្រៅពីនាងប្រឹងសម្ដែងទាំងយប់ទាំងថ្ងៃមិនស្គាល់ម៉ោងសម្រាក។ នាងថាខ្លួនទទួលការងារសិល្បៈមួយទ្វេរជា២ ដោយក្រៅពីសម្ដែងក៏បានវិវត្តន៍ខ្លួនក្លាយជាអ្នកចម្រៀង និងជាពិធីការិនីនោះផង ទើបមានលទ្ធភាពប្រែប្រួលដូចអ្វីដែលបានឃើញ។ ម្យ៉ាងមកពីតម្លៃខ្លួនក្នុងការងារសិល្បៈបានខ្ពស់ជាងមុននោះផង ទើបចំណូលកើនឡើងទន្ទឹមនឹងការងារក៏រកពេលសម្រាកលែងចង់ឃើញ។ ជាក់ស្ដែងនាងបានទទួលឱកាសអោយក្លាយជាពិធីការិនីក្នុងកម្មវិធីថែរក្សាសម្រស់មួយនាពេលថ្មីនោះផង ទើបធ្វើអោយនាងមានលទ្ធភាពដាច់ឆ្ងាយពីមុន ដោយសារតែកេ្រឌីតនោះបានជួយអោយនាងទទួលបានឱកាសការងារខាងក្រៅច្រើនឡើង។ នាងថាព័ត៌មានស្នេហាមិនពិតបានរុញច្រាននាងអោយមានគេស្គាល់ ហើយក៏ជួយអោយនាងទទួលបានការងារសិល្បៈក្នុងតម្លៃខ្លួនជាងមុនផងដែរ។ យ៉ាងណាមិញ នាងថាមិនចង់បន្តល្បីក្នុងរឿងអាស្រូវទៀតទេ ទើបនាងស្វះស្វែងការងារសិល្បៈអោយបានច្រើន ដោយប្រឹងទាំងទទួលការងារជាពិធីការិនីទូរទស្សន៍ផង ដើម្បីបង្កើនប្រាក់ចំណូលកុំអោយគេថានាងមានឡានជិះដោយសារតែអ្នកនេះ ឬអ្នកនោះទិញអោយបន្តទៀត។ ក្នុងនោះខ្សែរឿងដែលនាងបានថតដូចជារឿង«ម្ចាស់ចម្ការ»របស់CTN និងជាច្រើនផ្សេងទៀត ក៏ត្រៀមចាក់ផ្សាយផងដែរ ទើបនាងរំពឹងថាបើរឿងទាំងនោះចេញបង្អួតព្រមគ្នាគឺពិតជាមានទីផ្សារឈានឡើង៕

មតិយោបល់