ព័ត៌មានជាតិ

គ្រឿងញៀនទៀតហើយ! ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៣កញ្ចប់តូចធំ

ភ្នំពេញៈ ជនសង្ស័យ២នាក់ រួមនិងថ្នាំញៀន៣កញ្ចប់តូចធំ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងអន្ដរាគមន៍ខណ្ឌមានជ័យឆ្មក់បង្ក្រាបបានជាបន្ដបន្ទាប់។

ប្រតិបត្តិការនេះចុះបង្ក្រាបកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៧ ស្ថិតចំណុចផ្លូវបេតុង ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះផង មានការបញ្ជារផ្ទាល់ពីលោក តេង ស៊ីណូ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយដឹកនាំកម្លាំងដោយលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ និងមានការសហការជាមួយលោក ឯម ភារី នាយប៉ុស្ដិ៍ស្ដីទីប៉ុស្តិ៍ស្ទឹងមានជ័យ បានដាក់កម្លាំងពួនស្ទាក់រហូតឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ រួមជាមួយនិងថ្នាំញៀនមួយកញ្ចប់តូច នៅជាប់នឹងខ្លួន។ ខណៈនោះសមត្ថកិច្ចបាននាំយកជនសង្ស័យខាងលើ មកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ទើបឈានទៅដល់ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ទៀតដែលជាអ្នកចែកចាយ។ ក្រោយពេលឆែកឆេរក៏បានរកឃើញថ្នាំញៀន ១ កញ្ចប់ធំនិង ១ កញ្ចប់តូចនៅលើខ្លួនរបស់ជនសង្ស័យ ដែលជាអ្នកចែកចាយនៅក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យដដែល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ទាំង២នាក់ខាងលើទី១ ឈ្មោះ ប៉ែន ការី ហៅរីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងជនសង្ស័យទី២ ឈ្មោះ តាវ វាសនា ហៅសុខរស់ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរអ្នកលក់ភេសជ្ជៈ ស្នាក់នៅផ្ទះជួលក្នុងភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតដែលជាប្រពន្ធឈ្មោះ តាវ វាសនា ហៅសុខរស់ ត្រូវបានរត់គេចខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្ដិ៍ស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/rjn0hHPTewY

មតិយោបល់