ព័ត៌មានសិល្បៈ និងកម្សាន្ត

ហង្សមាស ចេញច្បាប់ហាម ខាត់ សុឃីម ឡើងប៉ុស្ដិ៍ផ្សេង

ដំណឹងផ្លូវការថ្មីមួយបានទម្លាយថាតារាចម្រៀងអ្នកនាងខាត់ សុឃីម ត្រូវបានផលិតកម្មហង្សមាសដាក់បម្រាមលែងអោយឡើងប៉ុស្ដិ៍ទូរទស្សន៍ផ្សេងក្រៅពីហង្សមាសដូចមុនទៀតហើយ បន្ទាប់ពីហង្សមាសសម្រេចអោយអ្នកនាងកុងត្រាផ្ដាច់មុខកាលពីប៉ុន្មានថ្ងៃមុន ហើយអ្នកនាងក៏យល់ព្រម។ យ៉ាងណាមិញ មានការទម្លាយថាហង្សមាសនឹងប្រកាសមិនទុកអោយអ្នកនាងស្ងប់ ស្ងាត់ដោយគ្មានបទច្រៀងនោះដែរ ជាថ្នូរនឹងបម្រាមដែលទើបនឹងកើតមានឡើងជាប្រវត្តិសាស្រ្តរវាងអ្នកនាង និងហង្សមាសនេះ។ បម្រាមនេះត្រូវបានហង្សមាសចែងជាច្បាប់តែម្ដងសម្រាប់ខាត់ សុឃីម។

ប្រភពផ្លូវការបានអះអាងថាក្នុងចំណោមតារាចម្រៀងដែលបានប្រតិកម្មរឿងហង្សមាសមិនលើកស្ទួយដូចមុនទាំងអស់ មានតែអ្នកនាងខាត់ សុឃីម ប៉ុណ្ណោះត្រូវបានផលិតកម្មមួយនេះហៅទៅចចារយ៉ាងកម្រអោយកុងត្រាផ្ដាច់មុខជាថ្នូរនឹងការលើកស្ទួយជាថ្មី តែហាមមិនអោយឡើងប៉ុស្ដិ៍ផ្សេងណាៗទាំងអស់ បើគ្មានការអនុញ្ញាតិពីហង្សមាស។ នេះជារឿងកម្រដែលហង្សមាសបានធ្វើ ក្នុងពេលតារាចម្រៀងច្រើនឡើងបានដាក់ពាក្យឈប់ ហើយមានតែអ្នកនាងខាត់ សុឃីម ម្នាក់ ត្រូវបានហៅទៅកុងត្រា។ ប្រភពដដែលបន្តថាហង្សមាសមិនអោយរបូតខាត់ សុឃីម នោះទេ ទើបមិនខ្វល់នឹងការចាកចេញរបស់តារាផ្សេង ហើយចចារតែជាមួយអ្នកនាងម្នាក់ ក្រោយពីដឹងថាអ្នកនាងក៏អន់ចិត្ត។

អ្នកនាងខាត់ សុឃីម បានទទួលស្គាល់ដំណឹងនេះ និងបានបញ្ជាក់ថាក្នុងកិច្ចកុងត្រាគឺផលិតកម្មហង្សមាសហាមខ្លួនមិនអោយឡើងច្រៀងប៉ុស្ដិ៍ផ្សេង និងមិនអោយសូម្បីតែឡើងសម្ភាសន៍ក្រៅពីប៉ុស្ដិ៍ហង្សមាស។ យ៉ាងណាមិញ អ្នកនាងថាហង្សមាស បានយល់ព្រមផលិតបទថ្មីអោយអ្នកនាង យល់ព្រមអោយនាងឡើងឆាកញឹកញាប់ជាថ្មី និងយល់ព្រមបង្កើតកម្មវិធីថ្មីៗមួយចំនួនអោយអ្នកនាងដើម្បីអោយអ្នកនាងធ្វើពិធីករ និងធ្វើជាគណកម្មការផងដែរ។ អ្នកនាងនិយាយថា«រឿងហ្នឹងចឹងមែន ណាមួយខ្ញុំគិតថាប៉ុស្ដិ៍គាត់ក៏ល្អ កម្មវិធីគាត់ក៏ច្រើន ម្យ៉ាងគាត់ធ្លាប់ជួយអោយយើងល្បីផងទើបសម្រេចថាអូខេ គាត់មិនអោយចេញមុខប៉ុស្ដិ៍ណាក៏ហីចុះ អោយតែគាត់ដាក់បទអោយយើងច្រៀង និងអោយកម្មវិធីយើងចេញមុខអីវិញ!»។ អ្នកនាងបានសម្ដែងអារម្មណ៍សុំទោសចំពោះបណ្ដាទូរទស្សន៍ទាំងអស់ ដែលបានទាក់ទងអោយអ្នកនាងឡើងប៉ុស្ដិ៍ក្នុងប៉ុន្មានថ្ងៃនេះ ហើយត្រូវបានអ្នកនាងបដិសេធថាមិនអាចឡើងបានដូចមុន៕

មតិយោបល់