កាលពីថ្ងទី១៧ ខែមីនា ឆ្នាំ២០១៧ តារាសម្ដែងស្រីកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងរឿង ភ្លើងព្រះនាង គឺនាង អាំ ផាត់ឆារ៉ាផា បានជួបជុំក្រុមគ្រួសារ ក្នុងការសូត្រមន្ដឡើងផ្ទះថ្មីរបស់នាង ដែលមានតម្លៃដល់ទៅ ១០០ លានបាត ក្នុងនោះដែរតារាស្រីម្នាក់នេះបានធ្វើឲ្យមិត្តរួមអាជីពការងារគ្រប់គ្នាមានភាពភ្ញាក់ផ្អើល ដែលសុខៗនាងបានប្រកាសឡើងផ្ទះថ្មី ដែលមានតម្លៃថ្លៃបំផុត ។
ដោយយោងតាមគេហទំព័រ khaosod នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា តារាស្រី អាំ ផាត់ឆារ៉ាផា បានផ្ដល់បទសម្ភាសន៍នៅថ្ងៃឡើងផ្ទះថ្មីថា ” សំបកផ្ទះមិនថ្លៃទេ តែបើតុបតែងបន្ដិចវាមានតម្លៃថ្លៃណាស់ ព្រោះនាងខ្ញុំបានជ្រើសរើសតែគ្រឿងតុបតែង ដែលចូលចិត្តតែប៉ុណ្ណោះ វាជាក្ដីសុបិនរបស់នាងខ្ញុំពិតប្រាកដណាស់ ហើយបើនិយាយថាផ្ទះតម្លៃ ១០០លានបាត នេះថ្លៃឬទេ សូមកុំនិយាយពីរឿងនេះអី (នាងសើច) ” ។
ទន្ទឹមនឹងនោះតារាស្រីខាងលើបានបន្ដទៀតថា ” ពេលនេះគឺយើងបានរៀបចំផ្ទះរួចរាល់ជាស្រេចហើយ បានអញ្ជើញព្រះសង្ឃមកសូត្រមន្ដសូមសិរីមង្គល បើនិយាយពីរឿងផ្ទះចាស់ អាំ និងប៉ាម៉ាក់ មានរម្មណ៍ស៊ាំទៅនិងផ្ទះចាស់ជាង ហើយផ្ទះថ្មីមួយនេះគឺ អាំ ប្រគល់ជូនប៉ា និង ម៉ាក់ អ្នកមានគុណរបស់ អាំ ” ៕
មតិយោបល់