ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុជាតា ប្រកាសឈប់សិល្បៈទាំងស្រុង ក្រោយទម្លាយរឿងកូនភ្លោះ

ក្រោយទម្លាយអោយដឹងពីរឿងមានស្វាមី និងទើបសម្រាលកូនភ្លោះជាសាធារណៈ តារាសម្ដែងអ្នកនាងឈិត សុជាតា បានអះអាងថាអ្នកនាងឈប់ទទួលការងារសិល្បៈទៀតហើយ មិនថាថតស្ពត និងពិធីការិនីនោះទេ បើទោះជាពេលខាងមុខ អ្នកនាងរឹងដៃរឹងជើង ហើយលែងរវល់រឿងមើលថែកូនដូចពេលនេះ។ អ្នកនាងថាខ្លួនសម្រេចចិត្តឈប់ហើយ ដើម្បីមានពេលធ្វើជាស្រ្តីមេផ្ទះផង និងមានពេលមើលខុសត្រូវជំនួញដែលខ្លួនកាន់កាប់នោះផង។

ឈិត សុជាតា បានអះអាងថា«ខ្ញុំលែងចូលសិល្បៈហើយ ទោះជាទំនេររឿងកូនក៏ឈប់ដែរ និយាយរួមគឺឈប់តែម្ដង»។ នេះជាចម្លើយច្បាស់លាស់ ដោយនាងប្រាប់ថានេះក៏ជាប់ពាក់ព័ន្ធនឹងមូលហេតុដែលនាងសម្រេចចិត្តប្រកាសជាសាធារណៈពីជីវិតឯកជនរបស់ខ្លួនអោយបានដឹងនោះផងដែរ។ នាងថាខ្លួនត្រូវការពេលវេលាមើលកូន ថែផ្ទះ និងមើលមុខជំនួញ ទើបសម្រេចចិត្តបោះបង់សិល្បៈ១០០ភាគរយដើម្បីតម្រូវចិត្តស្វាមី ម្យ៉ាងអ្នកនាងមិនចង់បន្តទទួលយកពាក្យ ចចាមអារ៉ាមក្នុងសិល្បៈនោះផង ទើបត្រូវតែឈប់។ នាងថាខ្លួន និងស្វាមីរួមរស់ជាមួយគ្នា៥ឆ្នាំមកហើយទម្រាំសម្រេចចិត្តយកកូនចងភ្ជាប់ចិត្តគ្នា ប៉ុន្តែមកពីពេលកន្លងមកនាងនៅស្ដាយសិល្បៈ ទើបនាងប្រកាស។ នាងថាខ្លួនដល់ពេលត្រូវធ្វើដើម្បីខ្លួនឯង និងក្រុមគ្រួសារវិញហើយ ទើបសម្រេចចិត្តទម្លាយទាំងរឿងស្វាមី និងកូនភ្លោះជាសាធារណៈ។ នាងថាកូនភ្លោះរបស់ខ្លួនគឺជាដំណក់ឈាមរបស់ស្វាមី ដោយមិនមែនជាកូនសិប្បនិមិត្តនោះទេ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានដែលសង្ស័យថានាងមានស្វាមីជានារីកែភេទ ហើយទំនងជាបានចាក់មេជីវិតអោយមានកូនភ្លោះដែលគេបាននិយាយក្នុងពិភពសិល្បៈ។ យ៉ាងណាមិញ នាងថាខ្លួនមិនទាន់ចង់និយាយអោយលម្អិតពាក់ព័ន្ធនឹងរឿងស្វាមីនោះទេ ខណៈដែលមុខមាត់របស់ស្វាមីនាងក៏នាងមិនទាន់បង្ហោះអោយឃើញនៅឡើយ។ នាងអះអាងថាខ្លួនបានរួមរស់ជាមួយស្វាមី៥ឆ្នាំមកទល់ពេលនេះ ដោយសា្វមីរបស់នាងមានវ័យក្រោម៤០តិចតួច ជាមន្ត្រីរាជការផង និងជាអ្នកជំនួញផង។

ឈិត សុជាតា ត្រូវគេឃើញរស់នៅផ្ទះវីឡាស្កឹមស្កៃ និងមានអ្នកបម្រើធ្វេងស្ដាំមិនខុសពី ជំទាវម្នាក់នោះទេ ផ្អែកតាមអ្វីដែលនាងបានបង្ហោះ។ ប្រភពជិតស្និទ្ធិបានអះអាងថាគ្រួសារឪពុកម្ដាយក្មេករបស់នាងស្រឡាញ់នាងខ្លាំងណាស់ ជាពិសេសបន្ទាប់ពីនាងបង្កើតបានកូនភ្លោះ២អោយស្វាមីរបស់នាងកក់ក្ដៅ។ អ៊ីចឹងហើយទើបនាងសម្រេចចិត្តលាឈប់ពីសិល្បៈទាំងស្រុង បើទោះជានាងនៅមានទីផ្សារពិធីការិនី និងថតស្ពតនៅឡើយ៕



មតិយោបល់