ប៉ៃលិន: បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃ អស់រយៈពេលជាង១សប្តាហ៍ រហូតមកដល់ពេលនេះ ទឹកស្អុយសារធាតុពុលដំឡូងមី បានហូរចេញពីស្តង់មួយកន្លែង ដែលមានយីហោ ”ក្រុមហ៊ុនខ្មែរវិនិយោគកសិកម្ម” ស្ថិតនៅភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ រួមទាំងប៉ះពាល់ដល់វិហារអ៊ីស្លាមមួយកន្លែងផងដែរ ហើយបញ្ហាក្លិនស្អុយនេះ បានធ្វើឱ្យមនុស្សក្មេងចាស់ ប្រុសស្រី មានអាការឈឺក្បាល វិលមុខ និងខ្លះទៀត កើតជម្ងឺផ្តាសាយ រលាកបំពង់ក ជាដើម។
ប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ មហាម៉ាត់ អាយុ៥៤ឆ្នាំ ជាខ្មែរអ៊ីស្លាម ដែលកំពុងស្នាក់នៅថែទាំព្រះវិហារ ក្បែរស្តង់ដំឡូងមីខាងលើ បានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នា អស់រយៈពេលជាង១អាទិត្យនេះ ធ្វើឱ្យសមាជិកព្រះវិហារ ខ្មែរអ៊ីស្លាម មានការលំបាកក្នុងការចូលរួមថ្វាយបង្គំព្រះ។ លោកបានបន្តទៀតថា ជាពិសេស ខណៈលោកគ្រូធំៗ ចង់មកពីភ្នំពេញចូលរួមថ្វាយបង្គំនៅទីនោះដែរ តែដោយសារធុំក្លិនស្អុយខ្លាំងពេក ក៍ប្តូរទៅកន្លែងផ្សេងវិញ ព្រោះខាងខ្មែរអ៊ីស្លាម ត្រូវការអនាម័យក្លិនក្រអូប មិនត្រូវការស្អុយបែបនេះទេ ។
លោកក៏មានសំណូមពរឱ្យអាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត ទាំងអស់ មេត្តាចុះទៅរៀបចំស្តង់ដំឡូងមីខាងលើ នេះឱ្យបានល្អផង កុំឱ្យទឹកស្អុយសារធាតុគីមីដំឡូងមី ហូរទៅក្បែរព្រះវិហារពួកគាត់ថ្វាយបង្គំព្រះបន្តទៀត។
ចំនែកប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត ដែលរស់នៅក្បែរស្តង់ពោត ដំឡូងមីខាងលើបានរិះគន់ថា ដំ ឡូងមី ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពផ្លូវដង្ហើម មិនគួរណាអាជ្ញាធរមូលដ្ឋានអនុញ្ញាតិ ឲ្យក្រុមឈ្មួញសង់ស្តង់មួយនេះក្បែរភូមិ ពោលគឺក្បែរផ្ទះរបស់ពួកគាត់នោះទេ។ ពួកគាត់បន្តទៀតថា នៅរដូវប្រាំងកំទេចធូលីដំឡូងមីបានហុយចូលផ្ទះ បង្កឱ្យទៅជាកន្ទួលរមាសដល់មនុស្សក្មេងចាស់ ដេកមិនសុខឡើយ រីឯនៅរដូវវស្សាវិញ ពេលទឹកដំឡូងមីហូរចូលស្រះ ឬប្រឡាយក្បែរផ្ទះ ធ្វើឱ្យស្អុយទ្រាំមិនបាន បង្កទៅជាពុល ឈឺក្បាលវិលមុខ និងហូបអាហារស្ទើរតែមិនចូលផងដែរ។
ម្យ៉ាងវិញទៀត ទឹកស្អុយនេះ ធ្វើកូនតូចៗ របស់ពួកគាត់ឈឺរាល់ថ្ងៃ និងធ្វើឱ្យពួកគាត់រកលុយកាក់ ទិញថ្នាំមើលជម្ងឺមិនទាន់នោះឡើយ ដោយណាមួយរកលុយសម្រាប់ទិញអាហារ និងមួយផ្នែកទៀតយកទៅព្យាបាលជំងឺ ដូច្នេះការរកលុយរាល់ថ្ងៃ អត់មានសល់អ្វី សម្រាប់ទុកផ្គត់ផ្គង់គ្រួសារពេលក្រោយឡើយ។
ពួកគាត់បានរិះគន់បន្តទៀតថា មិនគួរណាអាជ្ញាធរ យល់ព្រមឲ្យអ្នកមានលុយ មានអំណាច ចូលទៅធ្វើស្តង់ដំឡូងមី នៅក្បែរផ្ទះរបស់ពួកគាត់ទាល់តែសោះ គួរតែធ្វើឱ្យឆ្ងាយពីលំនៅឋានរបស់មនុស្សរស់នៅវិញ។ ម្យ៉ាងវិញទៀត ពេលសត្វមាន់ទាផឹកទឹកស្អុយនៅក្នុងប្រឡាយនោះ បណ្តាលឲ្យងាប់អស់ និយាយរួមទៅចិញ្ចឹមអ្វីមិនសល់សម្រាប់ទទួលទាននោះឡើយ។
ពាក់ព័ន្ធទៅនិងបញ្ហានេះ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកអត់ដឹងរឿងនេះទេ ហើយបើសិនជាមានករណីស្អុយទឹកដំឡូងមី ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមែន ខាងលោកនឹងចាត់ឲ្យមន្រ្តីក្រោមឱវាទ ចុះទៅត្រួតពិនិត្យជាបន្ទាន់។
ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិន បានឲ្យដឹងដែរថា ខាងលោកក៏អត់ទាន់ទទួលបានដំណឹងណាមួយពីប្រជាពលរដ្ឋដែរ តែខាងលោកនឹងចុះទៅប្រាប់ឱ្យម្ចាស់ស្តង់ រៀបចំកកាយកាកសំណល់ទាំងនោះ ចេញ ហើយរៀបចំធ្វើយ៉ាងណា ដើម្បីកុំឱ្យបន្តស្អុយប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងភូមិនោះទៀត៕
https://www.youtube.com/watch?v=z0o4Yh9XNtM&feature=youtu.be
មតិយោបល់