ភ្នំពេញ: នៅលើគណនេយ្យហ្វេសប៊ុករបស់លោក ចន ច័ន្ទដារ៉ា ដែលគេស្គាល់ថាជាប្អូនប្រុសរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហាញថា លោកមានអារម្មណ៍ភ្ញាក់ផ្អើលបន្ទាប់ ពីបានទទួលទានដោយគ្មានការគ្រោងទុក ជាមួយក្មេងតាមចិញ្ចើមថ្នល់ ជាអ្នកសុំទានម្នាក់ ហើយត្រូវបានម្ចាស់គណនេយ្យ ជាអ្នកគាំទ្រម្នាក់ ផ្ញើរូបពីសកម្មភាពរបស់លោក ឲ្យលោកបានឃើញ។
យ៉ាងណាក៏ដោយលោកថា នេះមិនមែនជាសកម្មភាពមនុស្សធម៌លើកទី១ ដោយគ្រាន់តែសកម្មភាពចុងក្រោយ ហាក់ធ្វើឲ្យលោកភ្ញាក់ខ្លួនជាមុនបន្តិច ដោយសារតែមានអ្នកផ្ញើរូបឲ្យលោក បានឃើញ បន្ទាប់ពីបានចំណាយពេលធ្វើល្អនោះចប់។
លោក ចន ច័ន្ទដារ៉ា និយាយថា កាលពីវេលាម៉ោងប្រមាណជាង៧ យប់ថ្ងៃទី១២ ឧសភា លោកបានចេញទៅញ៉ាំអីនៅក្នុងភោជនីយដ្ឋាន មួយនៅម្ដុំផ្លូវកម្ពុជាក្រោម ហើយដោយលោកសំឡឹងឃើញក្មេងកំសត់ អង្គុយនៅតាមចិញ្ចើមថ្នល់ម្នាក់ ចេះតែអង្គុយសំឡឹងមើលលោកពីក្រៅកញ្ចក់ និងលេបទឹកមាត់គួរឲ្យអាណិត លោកក៏បានហៅក្មេងនោះមកសួរនាំ ហើយបាន កុម្ម៉ង់អាហារឲ្យក្មេងនោះទទួលទានជាមួយខ្លួន ដែលធ្វើឲ្យមានអ្នកស្ថិតនៅក្នុងហាងនោះម្នាក់ សុំលោកថតរូបមួយប៉ុស្ដិ៍។
អ្វីដែលលោកភ្ញាក់ផ្អើល គឺរូបមួយសន្លឹកនោះត្រូវបានម្ចាស់គណនេយ្យឈ្មោះ Annie Lor បង្ហោះឡើងឲ្យលោកបានឃើញ ដែលធ្វើឲ្យលោករំភើបចំពោះអំពើល្អរបស់ខ្លួន។ លោកថា ក្មេងប្រុសនោះ បន្ទាប់ពីបានសាកសួរគេ បានឆ្លើយថាគេជាក្មេងដែលត្រូវឪពុកម្ដាយស្លាប់ចោល ហើយត្រូវបងប្អូនដែលរស់នៅម្ដុំភ្នំបាសិទ្ធិ យកមកទម្លាក់ចោលនៅភ្នំពេញ ដែលនាំឲ្យប្អូនត្រូវរស់នៅតាមចិញ្ចើមថ្នល់ និងសុំអាហារគេហូបខ្លះៗ ដើម្បីបានរស់មួយពេលៗ។
លោក ចន ច័ន្ទដារ៉ា បញ្ជាក់ថា លោកធ្វើបុណ្យជាមួយក្មេងនោះ ទទួលបានអារម្មណ៍ស្រស់ថ្លាយ៉ាងខ្លាំង ដោយសារតែបានជួយប្អូនឲ្យបានហូបឆ្អែត និងហូបឆ្ងាញ់មួយពេល ហើយថែមទាំងមានគេបង្ហោះរូប ឲ្យលោកបានឃើញពីសកម្មភាពរបស់ខ្លួន។ លោកបានបង្ហាញអារម្មណ៍សោកស្ដាយ ដែលខ្លួនមិនមានលទ្ធភាពជួយក្មេងម្នាក់នោះ ឲ្យច្រើនជាងនេះ។
លោកទទូចកុំឲ្យ មានការរើសអើងចំពោះក្មេងៗ សុំទាន ដោយសារតែក្មេងសុំទានខ្លះ មិនមែនដោយសារចង់ដើរសុំធ្វើជាអាជីពនោះទេ គឺដោយសារតែមានទុក្ខលំបាក និងស្ថិតក្នុងភាពទីទ័លដូចគ្នានិងក្មេងប្រុស ដែលលោកបានជួបម្នាក់នេះក៏ថាបាន៕
មតិយោបល់