ភ្នំពេញៈ ខណៈបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ាននៅមិនទាន់សម្រេចចិត្ដចូលជាសមាជិកនៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនៅឡើយនោះ កម្ពុជាបានប្រកាសថានឹងពិចារណាឱ្យបានច្បាស់លាស់អំពីជំហរចូលជាសមាជិកអនុសញ្ញានេះ ដើម្បីរួមចំណែកលុបបំបាត់ការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ថ្លែងក្នុងវេទិកាសាធារណៈស្ដីពីបញ្ហាមនុស្សធម៌ទូទាំងសកលលោកពាក់ព័ន្ធនឹងសំណល់គ្រប់បែកចង្កោម និងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមកាពីថ្ងៃម្សិលមិញនេះលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិលើកឡើងថា “រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណានិងបានរៀបចំយន្ដការឱ្យបានច្បាស់លាស់ ដើម្បីសិក្សាស្រាវជ្រាវទៅលើខ្លឹមសារអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម និងសកម្មភាពជាក់ស្ដែងដែលត្រូវអនុវត្ដន៍ក្នុងប្រទេសកម្ពុជា”។
លោកនាយឧត្តមសេនីយ៍បន្ថែមថា ជំហរកម្ពុជាមិនបោះបង់ចោលគោលបំណងនិងសុឆន្ទៈផ្នែកមនុស្សធម៌ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ទាំងអស់ពិសេសកម្ពុជាបានដឹកនាំកម្លាំងទៅចូលរួមជួយដល់បណ្ដាប្រទេសជាច្រើន ដែលកំពុងជួបការលំបាកក្នុងការដោះមីនជួយលើវិស័យសុខាភិបាល និងចូលរួមជាមួយដៃគូរពាក់ព័ន្ធក្នុងការលុបបំបាត់ការកម្ទេចចោលនូវសារធាតុគីមីសំណល់ជាតិផ្ទុះផ្សេងៗ ដែលមាននៅក្នុងប្រទេសកម្ពុជា។
កម្ពុជាជាប្រទេសមួយដែលទទួលរងគ្រោះដោយសារគ្រាប់បែកចង្កោមក្នុងសម័យសង្គ្រាម នាទសវត្សរ៍៧០ ដែលបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្ស និងសត្វជាច្រើន ហើយការចូលជាសមាជិក នៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនេះ នឹងទទួលបាននូវផលប្រយោជន៍ក្នុងការជួយទប់ស្កាត់ដល់បណ្ដា ប្រទេសនៅលើពិភពលោក ឱ្យបញ្ចប់ឬហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម បញ្ឈប់ការផលិត និងការចែកចាយ បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ការខាតបង់ទ្រព្យសម្បត្ដិ និងដីកសិកម្ម។
លោកនាយឧត្តមសេនីយ៍បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវលើគ្រាប់បែកចង្កោម ដែលមានវត្ដមាននៅកម្ពុជាភាគច្រើនស្ថិតនៅភាគឥសាន នៃប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ និងប្រទេសវៀតណាម រួមមានខេត្ដព្រះវិហារ រតនគិរី និងខេត្ដមណ្ឌលគិរី ដែលខេត្ដទាំងនេះ នៅមានសេសសល់គ្រាប់បែកចង្កោមច្រើន។ គ្រាប់បែកចង្កោមជាប្រភេទគ្រាប់បែកផ្ទុកដោយគ្រាប់ឃ្លី ដែលស្ថិតនៅក្នុងគ្រាប់កាំ ភ្លើងធំ ចាប់ពី១០៥មីលីម៉ែត្រ ១៥២មីលីម៉ែត្រ ១៥៥មីលីម៉ែត្រ រហូតដល់គ្រាប់កាំភ្លើងធំ ឬគ្រាប់ទម្លាក់ពី លើយន្ដហោះ ហើយគ្រាប់បែកចង្កោកដែលមានវត្ដមាននៅក្នុងប្រទេសកម្ពុជា គឺភាគច្រើនជាប្រភេទ គ្រាប់ទម្លាក់ពីលើយន្ដហោះក្នុងសម័យសង្គ្រាម។
លោក Beat Schweizer ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្ដរជាតិប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ប្រទេសទាំងអស់ដែលបានចូលជាសមាជិកក្នុងអនុសញ្ញាគ្រាប់បែកចង្កោមនេះ គឺត្រូវបញ្ឈប់ការផលិតការប្រើប្រាស់និងការដឹកជញ្ជូនជាមួយនឹងការយកចេញឱ្យអស់ នូវគ្រាប់បែកចង្កោមដែលបានបង្កប់ក្នុងដី។
គួររំលឹកថា អនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមគឺជាអនុសញ្ញាអន្ដរជាតិមួយ ដែលត្រូវបានចុះហត្ថ លេខានៅទីក្រុងអូស្លូ ប្រទេសន័រវ៉េសក្នុងឆ្នាំ២០០៨ ហើយត្រូវបានប្រទេសចំនួន៣០ ផ្ដល់សច្ចាប័ន និង មានប្រទេស១០៨ ចុះហត្ថលេខាទទួលស្គាល់ ដោយបញ្ឈប់ការផលិត ការប្រើប្រាស់ និងដឹកជញ្ចូន គ្រាប់បែកចង្កោម។
ដោយឡែកការចូលជាសមាជិកក្នុងអនុសញ្ញានេះ បណ្ដាប្រទេសក្នុងអាស៊ាននៅ មិនទាន់បានចូលជាសមាជិកនៅឡើយរួមទាំងកម្ពុជា មានតែប្រទេសឡាវមួយគត់ ដែលបានចូលជាសមាជិកក្នុងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមនេះ៕
មតិយោបល់