ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ឌីណា ស្គាល់ការឈឺចាប់ក្នុងរឿង«ពស់កេងកេង»

ក្នុងភាពយន្តភាគរឿង«ពស់កេងកេង»ដែលផលិតដោយទូរទស្សន៍PNN ជាមួយនឹងផលិតកម្មមួយ តារាសម្ដែងកំពុងឡើងកូដកញ្ញា លី ឌីណា ក៏មានឈ្មោះបានសម្ដែងជាតួអង្គសំខាន់ម្នាក់នៅក្នុងរឿងនោះផងដែរ។ នាងត្រូវគេអោយសម្ដែងជាតួប្រពន្ធសេដ្ឋី និងមានប្លង់មួយដែលប្រាប់ថាធ្វើអោយនាងមើលឃើញពីការឈឺចាប់ដែលនាងមិនទាន់បានឆ្លងកាត់។

តួឯកក្នុងរឿង«ឋានសួគ៌វណ្ណៈ»ប្រចាំនៅប៉ុស្ដិ៍លេខ៥រូបនេះនិយាយថាជាលើកទី១ ដែលនាងត្រូវបានផលិតករអោយសម្ដែងជានារីប្រសូត្រកូន ដោយការសម្ដែងរបស់នាងធ្វើអោយនាងស្រម៉ៃនឹកដល់ការឈឺចាប់ពិតៗជាក់ស្ដែងតែម្ដង ទម្រាំតែនាងអាចសម្ដែងបានត្រូវ។ នាងថាខ្លួនត្រូវតម្រូវអោយសម្ដែងអោយសមនឹងពេលប្រសូត្រកូន ដោយសូម្បីតែការស្រែក ការបញ្ចេញទឹកមុខ និងបែកញើសប៉ុនៗគ្រាប់ពោតជាដើម ក៏ត្រូវតែធ្វើអោយត្រូវនោះដែរ។ អ៊ីចឹងហើយទើបនាងយល់ថាការសម្ដែងរបស់ខ្លួនមួយប្លង់ក្នុងពេលសម្រាលកូន គឺ ទម្រាំងបានត្រូវ បានធ្វើអោយនាងបានដឹង និងបានស្គាល់កាន់ច្បាស់ថែមទៀត ពីទុក្ខវេទនា និងការឈឺចាប់របស់ស្រ្តីគ្រប់រូប ក្នុងពេលឆ្លងទន្លេ។ នាងថា ទម្រាំថតត្រូវនាងបានចំណាយពេលទស្សនាវីដេអូពីទិដ្ឋភាពប្រសូត្រកូនពិតៗ ហើយត្រូវដាក់អារម្មណ៍អោយដូចនឹងការឈឺចាប់ពិតៗរបស់ស្រ្តីក្នុងពេលឆ្លងទន្លេ។ បើទោះជាគ្រាន់តែការសម្ដែង តែនាងប្រាប់ថាក្រោយបានសម្ដែងមួយនោះ នាងមើលឃើញពីការពលី និងការឈឺចាប់របស់ស្រ្តីគ្រប់រូប ទម្រាំតែអាចបង្កើតបានកូនម្នាក់ និងបានចិញ្ចឹមអោយបានដឹងក្ដី។ នាងថាពីមុននាងដឹងត្រឹមតែថាការសម្រាលកូនជារឿងពិបាក ប៉ុន្តែលុះបានសម្ដែងមួយរឿងក្នុងរឿង«ពស់កេងកង» ទើបយល់កាន់តែច្បាស់ថាការសម្រាលកូនគឺរឿងវេទនាមិនខុសពីការហែលឆ្លងទន្លេដ៏មួយល្វែងល្វែងមួយ។

លី ឌីណា មានការំពឹងយ៉ាងខ្លាំងថារឿងប្រភេទបុរាណរឿង«ពស់កេងកង» នឹងធ្វើអោយមានការកត់សម្គាល់ចំពោះស្នាដៃរបស់ខ្លួនកាន់តែខ្លាំង បើទោះជាក្នុងរឿងនេះនាងមិនបានសម្ដែងជាតួឯកក្នុងរឿងមុនៗ។ នាងថាការសម្ដែងក្នុងរឿងភាគនេះ ខ្លួនមានមោទនភាព ហើយនាងមានការតែការសប្បាយចិត្តដែលត្រូវបានជ្រើសអោយសម្ដែងជាតួអង្គសំខាន់ម្នាក់ក្នុងរឿង«ពស់កេងកង»បើទោះជានាងត្រូវគេកត់សម្គាល់ថាបានធ្លាក់ខ្លួនទៅសម្ដែងជាតួម្ដាយក៏ដោយ។ នាងថាខ្លួនអត់ប្រកាន់រឿងសម្ដែងនោះទេ ដោយអះអាងថាទោះជាត្រូវអោយសម្ដែងជាតួឯក តួរង និងតួអ្វីក្នុងរឿងអ្វីក៏ដោយ អោយនាងយល់ថាសមស្របអាចសម្ដែងបាន៕

មតិយោបល់